(អាំម៉ាន់)៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ បាននិយាយទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មាននានាថា ការប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងការសន្យាថានឹងកាត់ផ្តាច់ជំនួយទៅក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលអាចឈានទៅរកការគាំទ្ររដ្ឋាភិបាលស៊ីរីប្រឆាំងនឹងក្រុម ISIS ដែរនោះ គឺមិនទាន់អាចសន្និដ្ឋានថា នឹងក្លាយទៅជាការពិតនោះឡើយ ដោយគេត្រូវរង់ចាំមើលដំណើរមួយជំហានៗសិន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថាវាមិនមែនជារឿងថ្មីនោះទេដែលថា លោក ដូណាល់ ត្រាំ នឹងព្យាយាមស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម ISIS ប៉ុន្តែសម្រាប់ការកាត់ផ្តាច់ជំនួយទៅក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី និងការងាកទៅសហការលើការប្រយុទ្ធប្រឆាំងក្រុម ISIS ជាមួយរដ្ឋាភិបាលស៊ីរី ទើបជារឿងដែលពិបាក នឹងអាចកើតឡើង ដោយសារតែសហរដ្ឋអាមេរិកមានជំហររឹងមាំរួចមកហើយ ក្នុងការទម្លាក់របបផ្តាច់ការ ឬរបបដែលប្រទេសសម្ព័ន្ធមិត្តអាមេរិកនានាចង់ទម្លាក់ ដូចជានៅស៊ីរីនេះឯង។
ទោះបីជាបែបនេះក្តីលោក អាស្សាដ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថាវាគ្រាន់តែជាពាក្យសន្យា ប៉ុន្តែយើងត្រូវតែរង់ចាំ ហើយវាលឿនពេកហើយក្នុងរំពឹងថាវានឹងកើតឡើងនោះ»។ បន្ថែមពីនេះប្រធានាធិបតីស៊ីរី ដែលបានត្រដាបត្រដួសនឹងសង្គ្រាម០៦ឆ្នាំមកហើយរូបនេះ ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរចំពោះកិច្ចសហប្រតិបត្តិការ ដែលអាចនឹងកើតមានឡើងរវាងរុស្ស៊ី-អាមេរិក ថាពិតជាជំហានដ៏វិជ្ជមានដើម្បីប្រយុទ្ធប្រឆាំងនឹងពួកភេរវករ៕