(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានប្ដេជ្ញាថា នឹងបន្តបាញ់បង្ហោះផ្កាយរណបជាបន្តបន្ទាប់ នាពេលអានាគតដ៏ខ្លីខាងមុខនេះ បើទោះជាកំពុងជាប់ទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិក៏ដោយ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់នៅរសៀលថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាម Rodong Sinmun ការបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណប Kwangmyongsong-4 កាលពីឆ្នាំ២០១៦ បានបង្ហាញថា កូរ៉េខាងជើងកំពុងឆ្ពោះកាន់តែជិតដល់គោលបំណងចង់ក្លាយជាមហាអំណាចទីអវកាសមួយនឹងគេដែរហើយ។ សារព័ត៌មានដដែលបានបន្ថែមថា «យើងបាននាំយកផ្កាយរណបចូលទៅកាន់គន្លងតារាវិថី ប្រកបដោយជោគជ័យកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយយើងនឹងបន្តបាញ់បង្ហោះផ្កាយរណបផ្សេងទៀត នាពេលអានាគតដ៏ខ្លីខាងមុខនេះតាមការសម្រេចរបស់គណបក្សពលករកូរ៉េខាងជើង»។
ទោះបីជាយ៉ាងណាក្រុមអ្នកជំនាញយល់ថា ការបាញ់បង្ហោះផ្កាយរណបនេះ គ្រាន់តែជាការធ្វើតេស្ដសាកល្បងដើម្បីបិទបាំងពីការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោង រយៈចំងាយឆ្ងាយប៉ុណ្ណោះ។
គួរបញ្ជាក់ថាការបាញ់បង្ហោះ ឬការអភិវឌ្ឍផ្កាយរណបរបស់កូរ៉េខាងជើង គឺជាទង្វើផ្ទុយទៅនឹងសេចក្ដីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្បិតការសាកល្បងទំាងនេះត្រូវបានគេមើលឃើញថា របបដឹកនាំក្រុងព្យុងយ៉ាង ប្រើវាជាខែលដើម្បីអភិវឌ្ឍន៍កម្មវិធីមីស៊ីលផ្លោងអន្តរទ្វីប ICBM ប៉ុណ្ណោះ៕