(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់យ៉ាងខ្លំាងលើរដ្ឋបាលលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការអាត្ថាធិប្បាយជុំវិញកម្មវិធីមីស៊ីល និងថែមទាំងបានព្រមានដល់បណ្ដារដ្ឋ ឬប្រទេសដទៃ កុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០១៧។
កាលពីថ្ងៃសុក្រកន្លងទៅទីប្រឹក្សាសន្តិសុខជាតិ លោក Michael Flynn និងប្រធានសភាអាមេរិក លោក Paul Ryan បានថ្កោលទោសក៏ដូចជាចោទប្រកាន់អ៊ីរ៉ង់ថា បានគំាទ្រដល់ក្រុមភេរវករ។ ឆ្លើយតបទៅនឹងការចោទប្រកាន់នេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qassemi នៅចំពោះមុខអ្នកសារព័ត៌មាន បានលើកឡើងថា «អ៊ីរ៉ង់បានត្រៀមខ្លួនរួចជានិច្ច ដើម្បីការពារកម្មវិធីមីស៊ីល ជាមួយនឹងការប្រើប្រាស់កម្លំាងគ្រប់មធ្យោបាយទាំងអស់ ប្រឈមមុខនឹងគោលនយោបាយអន្តរាគមន៍និយមពីសំណាក់បណ្ដារដ្ឋដទៃទៀត...រឿងផលប្រយោជន៍របស់អ៊ីរ៉ង់ គឺយើងជាអ្នកសម្រេចចិត្តដោយខ្លួនឯង មិនចាំបាច់ទៅប្រឹក្សា ឬសួរយោបល់ពីនរណាម្នាក់នោះទេ»។
គួរបញ្ជាក់ថាភាពតានតឹងនិងសង្រ្គាមពាក្យសម្ដី រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់កក្រើកឡើងវិញ ក្រោយពេលរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ចេញបញ្ជាប្រធានាធិបតី ហាមឃាត់ប្រជាជនអ៊ីរ៉ង់ និងប្រជាជនមកពីបណ្ដាប្រទេសមូស្លីមចំនួន០៦ ផ្សេងទៀតមិនឱ្យចូលសហរដ្ឋអាមេរិក ព្រមទាំងការបាញ់សាកល្បងមីស៊ីលផ្លោងពីសំណាក់ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៩ ខែមករា។ បន្ថែមពីលើនេះ ប្រទេសទំាងពីររឹតតែមើលមុខគ្នាលែងចំបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បាននិយាយជាសាធារណៈថា អ៊ីរ៉ង់ជារដ្ឋគំាទ្រក្រុមភេរវករនៅអំឡុងដំណើរទស្សនកិច្ចក្នុងប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍កន្លងទៅ៕