(ហ្សាការតា)៖ ភ្នំភ្លើងស៊ីណាប៊ុង (Sinabung) ដែលស្ថិតក្នុងខេត្តស៊ូម៉ាត្រាខាងជើង (North Sumatra) នៃប៉ែកខាងលិចប្រទេសឥណ្ឌូណេស៊ី បានបន្តផ្ទុះឡើងយ៉ាងក្តៅគគុកមកទល់រសៀលថ្ងៃអង្គារនេះ និងបានជះកម្អែលផេះដ៏សន្ធោសន្ធៅឡើងទៅលើអាកាសកម្ពស់ជាងពីរគីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមលោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី កម្ទេចផះខាងលើបានភាយ និងរសាត់អណ្តែតទៅកាន់ភាគកើត ខណៈកម្អែលភ្នំភ្លើងដ៏សែនក្តៅបានហូរឆ្ពោះទៅភាគខាងត្បូង ភាគអាគ្នេយ៍ និងភាគខាងកើតពីមាត់ភ្នំភ្លើង ក្នុងចម្ងាយរហូតដល់ពីរគីឡូម៉ែត្រ ហើយអ្នកភូមិដែលរស់នៅតាមដងទន្លេជាមួយខ្សែទឹកហូរនៅក្នុងជម្រាលភ្នំស៊ីណាប៊ុង ត្រូវបានព្រមានឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់និច្ច អំពីគ្រោះថ្នាក់ដែលអាចបង្កឡើងពីកម្អែលភ្នំភ្លើង។ ម៉្យាងវិញទៀតបណ្តាភ្ញៀវទេសចរ និងអ្នកភូមិត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចូលទៅកាន់តំបន់ក្បែរនោះឡើយ។
គួរបញ្ជាក់ថាភ្នំស៊ីណាប៊ុង ដែលស្ថិតនៅក្នុងចំណោមភ្នំភ្លើងដ៏សកម្មនិងល្បីឈ្មោះជាងគេបំផុតចំនួន១២៩របស់ឥណ្ឌូណេស៊ី បានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈសប្តាហ៍មុននេះមកម្ល៉េះ ប៉ុន្តែមិនបានបង្កឲ្យមានការជម្លៀសខ្លួនប្រជាជននោះឡើយ៕