(វ៉ាស៊ីនតោន)៖ ពិធីករព័ត៌មាននៃសា្ថនីយ៍ទូរទស្សន៍ Fox News លោក បៀល អូរៃលី (Bill O’Reilly) មិនបានសម្ដែងការសោកស្ដាយ ឬក៏សុំទោសតាមការចង់បានរបស់រដ្ឋាភិបាលទីក្រុងមូស្គូនោះទេសម្រាប់ការហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជាឃាតកនៅអំឡុងបទសម្ភាសន៍ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក អូរ៉ៃលី បានអះអាងថាលោកអាចនឹងគិតគូឡើងវិញនៅឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងកម្មវិធីរបស់ខ្លួនកាលពីថ្ងៃចន្ទ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) លោក បៀល អូរៃលី មិនបានសុំទោសលោក ពូទីន នោះទេដោយគ្រាន់តែលោកបាននិយាយថា «ជាការពិតណាស់! រដ្ឋបាលលោក ពូទីន ក្នុងទីក្រុងមូស្គូបានស្នើឱ្យខ្ញុំសុំទោស... ហើយខ្ញុំក៏កំពុងគិតពីរឿងសុំទោសនេះដែរ។ ក៏ប៉ុន្តែវាអាចនឹងត្រូវចំណាយពេលវេលាបន្តិចបន្តួច ពោលគឺចាំដល់ឆ្នាំ២០២៣ ខ្ញុំអាចនឹងពិចារណាឡើងវិញម្ដងទៀត»។
គួររំលឹកថាកាលពីថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍ជាមួយ លោក ដូណាល់ ត្រាំ លោក បៀល អូរៃលី (Bill O’Reilly) បានលើកឡើងថា លោកពូទីន បានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងនោះរួមមានទាំងអ្នកសារព័ត៌មាន និងក្រុមអ្នកប្រឆាំងនឹងរូបលោក។ «គាត់គឺជាឃាតក! ពូទីនគឺជាឃាតក!»។ នេះជាសម្ដីរបស់លោក បៀល អូរៃលី។ សារព័ត៌មានមិនបានបញ្ជាក់ថា តើហេតុអ្វីបានជាត្រូវចាំដល់ឆ្នាំ២០២៣ ទើបលោក អូរៃលី ព្រមគិតរឿងសុំទោសលោក ពូទីន នោះទេ៕