(រីយ៉ូ)៖ រដ្ឋាភិបាលប្រេស៊ីលបានបញ្ជូនកងកម្លាំងចំនួន១,២០០នាក់ ទៅកាន់រដ្ឋមួយនៅតំបន់ឆ្នេរ ភាគខាងត្បូងឈៀងខាងកើតប្រទេសដើម្បីការពារសន្តិសុខ និងសុវត្ថិភាពបន្ទាប់ពីមានការខ្វះខាតកម្លាំងដោយសារតែការធ្វើបាតុកម្មរបស់ក្រុមគ្រួសារនៃមន្រ្តីប៉ូលិស និងយោធានៅទីនោះ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។
កម្លាំងសរុបរួមមានកងកម្លាំងទ័ពចំនួន១,០០០នាក់ និងសមាជិកកងការពារជាតិចំនួន២០០នាក់ នឹងត្រូវធ្វើការយាមល្បាតតាមដងផ្លូវនៅក្នុងរដ្ឋ Espirito Santo ភាគអាគ្នេយ៍នៃប្រទេស បន្ទាប់ពីក្រុមគ្រួសាររបស់មន្រ្តីប៉ូលិស-យោធាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានចាប់ផ្តើមរួមគ្នាធ្វើបាតុកម្មប្រឆាំងនឹងការទទួលបានប្រាក់បៀវត្សរ៍ដ៏ទាបសម្រាប់មន្រ្តីទាំងអស់នោះ។ ពួកគេបានបិទច្រកចេញ-ចូលនៃទីស្នាក់ការប៉ូលិស ហើយនិងរារាំងមិនឲ្យមន្រ្តីប៉ូលិសចាកចេញឡើយ។
ដោយសារតែអវត្តមាននៃកម្លាំងប៉ូលិសយោធាដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាសន្តិសុខសាធារណៈ អំពើហិង្សាបានផ្ទុះឡើងនៅក្នុងកម្រិតដ៏ខ្លាំងក្លា ដោយនៅអំឡុងចុងសប្តាហ៍មុននេះមនុស្សដល់ទៅ៦២នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Vitoria និងតំបន់ប្រជុំជនមួយចំនួនទៀត នៃរដ្ឋ Espirito Santo។
គួរបញ្ជាក់ថានៅក្នុងប្រទេសប្រេស៊ីល កងកម្លាំងប៉ូលិសស្ថិតក្រោមរដ្ឋបាលគ្រប់គ្រងរបស់រដ្ឋនីមួយៗ ដោយមន្រ្តីប៉ូលិសស៊ីវិលទទួលបន្ទុកធ្វើការសួរចម្លើយនិងការស៊ើបអង្កេតផ្សេងៗ ខណៈមន្រ្តីប៉ូលិសនិងយោធារួមមានតួនាទីរក្សាសន្តិសុខ៕