(វ៉ាស៊ីនតោន)៖ អតីតប្រធាននៃក្រុមចរចាកម្មវិធីនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងជើង បានឲ្យដឹងថា រូបលោកធ្លាប់បានធ្វើការណែនាំដល់មន្រ្តីទូតមកពីទីក្រុងព្យុងយ៉ាង មិនឲ្យទទួលស្វាគមន៍រដ្ឋបាលអាមេរិកថ្មី ដោយការបាញ់ធ្វើតេស្តមីស៊ីល ឬក៏ការបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរឡើយ នៅពេលដែលលោកបានជួបជាមួយពួកគេ នៅឯប្រទេសម៉ាឡេស៊ីកាលពីខែតុលា ឆ្នាំ២០១៦កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Robert Gallucci ដែលបានធ្វើការចរចាលើកិច្ចព្រមព្រៀងបង្កកកម្មវិធីនុយក្លេអ៊ែរឆ្នាំ១៩៩៤ ជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានបើកកិច្ចជួបពិភាក្សាគ្នានៅក្នុងទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៦ ជាមួយក្រុមមន្រ្តីទូតជាន់ខ្ពស់មកពីប្រទេសកូរ៉េខាងជើង រួមមានទាំងអនុរដ្ឋមន្រ្តីការបរទេសលោក Han Song-Ryol និងឯកអគ្គរដ្ឋទូតរងប្រចាំអង្គការសហប្រជាជាតិលោក Jang Il-Hun ផងដែរ។
លោក Gallucci បាននិយាយដូច្នេះថា «នៅពេលដែលបានខ្ញុំបានជួបជាមួយអ្នកតំណាងរបស់កូរ៉េខាងជើង ក្នុងកិច្ចពិភាក្សា Track II នៅទីក្រុងគូឡាឡាំពួរ ខ្ញុំបានឆ្លៀតឱកាសនោះធ្វើការណែនាំដល់មន្រ្តីទាំងអស់នោះថា ពួកគេគួរជៀសវាងការស្វាគមន៍ដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថ្មី ជាមួយការបាញ់មីស៊ីលផ្លោង ឬការធ្វើតេស្តអាវុធនុយក្លេអ៊ែរថ្មីបន្ថែមទៀត រួមទាំងសកម្មភាពបង្ករឿងណាមួយសំដៅរកសហរដ្ឋអាមេរិក ឬប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកនោះឡើយ»។
លោក Gallucci បានបន្ថែមថា «កាលនោះខ្ញុំបានលើកឡើងថា អ្នកណាក៏ដោយដែលក្លាយជាប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក ពួកគេនឹងមិនពេញចិត្តចំពោះការស្វាគមន៍បែបនេះឡើយ ហើយប្រាកដណាស់ពួកគេនឹងចាត់វិធានការក្តៅឆ្លើយតបទៅវិញ ដោយមិនងាកទៅរកការចរចាគ្នានោះទេ»។ ជាការឆ្លើយតបទៅក្រុមមន្រ្តីទូតកូរ៉េខាងជើងបាននិយាយថា ប្រទេសកុម្មុយនិស្តរបស់ពួកគេ នឹងមានប្រតិកម្មមិនខុសគ្នា ប្រសិនបើរដ្ឋបាលអាមេរិកថ្មី ភ្លាមៗសម្រេចធ្វើការដាក់ទណ្ឌកម្មបន្ថែម ឬបង្កសកម្មភាពញុះញង់ណាមួយ នៅក្នុងទម្រង់ជាសមយុទ្ធយោធារួមជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា តាំងតែពីលោក ដូណាល់ ត្រាំ បានទទួលជ័យជម្នះលើគូប្រជែងគឺលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ រហូតដល់ពេលរូបលោកបានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ កូរ៉េខាងជើងមិនបានបង្កសកម្មភាពញុះញង់ណាមួយនៅឡើយទេ៕