(ព្រុចសែល)៖ សហភាពអឺរ៉ុបបានអះអាងឡើងវិញថា នឹងមិនទទួល​ស្គាល់ឡើយថា​តំបន់គ្រីមាជារបស់​រុស្ស៊ី និងថែមទាំងបាន​ជំរុញឱ្យភាគី​ពាក់ព័ន្ធទាំងអស់ អនុវត្តន៍យ៉ាងពេញលេញ​នូវកិច្ចព្រមព្រៀង​ទីក្រុង Minsk ខណៈអំពើហិង្សា​នៅភាគខាងកើត​ប្រទេសអ៊ុយក្រែន​ បានចាប់ផ្ដើមកក្រើកជាថ្មីនារយៈ​ពេលប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ការបញ្ជាក់ពីគោល​ជំហរ​របស់​សហភាពអឺរ៉ុប ធ្វើឡើង​នៅក្នុងឱកាស​នៃកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​អឺរ៉ុប​ប្រចាំខែ កាលពីថ្ងៃចន្ទនៅឯ​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក។ ជាមួយគ្នានោះ​ដែរថ្លែងនៅ​ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់​ជំនួបនេះ ប្រមុខ​ការទូត​អឺរ៉ុប លោកស្រី Federica Mogherini បាន​លើកឡើង​ថា «ស្ថានភាព​នៅក្នុងតំបន់​ភាគខាងកើត​ប្រទេស​អ៊ុយក្រែន នារយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ មានសភាព​គួរឱ្យព្រួយបារម្ភក្រៃលែង​សម្រាប់យើង​ទាំងអស់គ្នា។ នៅពេល​យើងអនុវត្តន៍​យ៉ាង​ពេញលេញ​នូវកិច្ចព្រមព្រៀង​ទីក្រុង Minsk នោះយើង​អាចនឹងសម្រេច​បានការ រំពឹងទុក​របស់យើង ក្នុងការបញ្ចប់​ជម្លោះ​ព្រមទាំងចាប់ផ្ដើម​ដំណើរការ​កិច្ចចរចា​សន្តិភាព»

គួរបញ្ជាក់ថា​គិតចាប់តាំងពី​ខែមេសា ឆ្នាំ២០១៤ មនុស្សជិត១០,០០០នាក់បានស្លាប់​ដោយសារតែ​ជម្លោះនៅភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។ មិនតែប៉ុណ្ណោះវា​ក៏បានធ្វើឱ្យ​ទីក្រុងមូស្គូ និងអឺរ៉ុប​មើលមុខគ្នា​មិនចំផងដែរ ជាក់ស្ដែងកាលពីខែកក្កដា និងខែកញ្ញា ឆ្នាំ២០១៤ សហភាពអឺរ៉ុប​បាន ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចប្រឆាំង​នឹងរុស្ស៊ី​សម្រាប់ការលូក​ដៃចូលក្នុងជម្លោះ​របស់អ៊ុយក្រែន​ តាមរយៈការគាំទ្រ​ក្រុមឧទ្ទាម​បំបែករដ្ឋ ហើយទណ្ឌកម្មនេះ​ទៀតសោតត្រូវបានអូស​បន្លាយរយៈពេល​៦ខែបន្ថែមទៀត​កាលពីចុង​ខែធ្នូកន្លង ទៅរហូតដល់​ខែកក្កដា ឆ្នាំ២០១៧៕