(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិកដែលជាសេនាធិការ នៃរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចេញមុខគាំទ្រ និងការពារយ៉ាងពេញទំហឹងចំពោះ បទបញ្ជាប្រធានាធិបតីលោក ដូណាល់ ត្រាំ ស្ដីពីការហាមឃាត់ជនភៀសខ្លួន និងប្រជាជនមកពីបណ្ដាប្រទេសមូស្លីមភាគច្រើនចំនួន០៧ ចូលក្នុងសហរដ្ឋអាមេរិក ខណៈបទបញ្ជានេះកំពុងជាប់គាំងបន្ទាប់ពីតុលាការកំពូលជំទាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។
សម្រាប់ក្រសួងយុត្តិធម៌អាមេរិក បទបញ្ជារបស់លោក ត្រាំ គឺជាការអនុត្តន៍ដោយស្របច្បាប់នៃអំណាចប្រធានាធិបតី ហើយវាក៏មិនមែនមានគោលដៅតែទៅលើជនមូស្លីម (អ្នកកាន់សាសនាអ៊ីស្លាម) នោះដែរ ក៏ប៉ុន្តែវាជាបុព្វហេតុនៃសន្តិសុខជាតិសុទ្ធសាធ។ ដូច្នេះសាលាឧទ្ធរណ៍គួរតែសម្រេចឱ្យដំណើរការបទបញ្ជានេះឡើងវិញ។ ប្រជាជនមកពីប្រទេសមូស្លីមដែលជាប់បម្រាមមានដូចជា អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, ស៊ីរី, និងយ៉េមែន។
គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍រួចហើយដែរ ទៅកាន់សាលាឧទ្ធរណ៍នៃទីក្រុង San Francisco ដើម្បីប្ដឹងជំទាស់នឹងចៅក្រមសហព័ន្ធម្នាក់ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលបានរាំងខ្ទប់បទបញ្ជារបស់លោក ត្រាំ ក្រោមហេតុផលផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ ដោយឡែកនៅថ្ងៃអង្គារនេះដែរ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) សវនាការស្ដាប់នឹងត្រូវធ្វើឡើងដើម្បីកំណត់ថាតើគួរតែគំាទ្រ ឬក៏ជំទាស់នឹងបទបញ្ជាប្រធានាធិបតីនេះ៕