(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងថា ការបាញ់សាកល្បងមីស៊ីលផ្លោង កាលពីពេលថ្មីៗនេះ មិនមែនជាសារមួយផ្ញើទៅកាន់ លោក ដូណាល់ ត្រាំ ហើយក៏មិនមែនជាការធ្វើតេស្ដពីប្រតិកម្មរបស់ប្រធានាធិបតីអាមេរិកថ្មីរូបនេះ នោះដែរ។ នេះបើតាមក្រសួងការបរទេសអ៊ីរ៉ង់ ដកស្រង់សម្ដីដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក បាស់រុំា កាសេមី (Bahram Qasemi) សហរដ្ឋអាមេរិក មិនទាន់ងើបរួចពីដំណាក់កាល អស្ថេរភាពនៅឡើយទេ ខណៈលោក ដូណាល់ ត្រាំ នៅតែបន្តប្រកាន់គោលជំហរផ្ទុយ។ លោក កាសេមី ថែ្លងដូច្នេះថា៖ «យើងកំពុងទន្ទឹមរង់ចាំ មើលថា តើទីក្រុងវ៉ាស៊ីនតោន នឹងធ្វើប្រតិកម្មយ៉ាងដូចម្ដេច ចំពោះបញ្ហាអន្តរជាតិ ដើម្បីវាយតម្លៃយុទ្ធសាស្ត្ររបស់ខ្លួន។ ម្យ៉ាងវិញទៀត យើងក៏ មិនត្រូវការធ្វើតេស្ដសាកល្បងលោក ត្រាំ នោះដែរ បើទោះជាយើងកំពុងខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន នារយៈពេលប៉ុន្មានថ្ងៃនេះក៏ដោយ (...) យើងស្គាល់គាត់(លោកត្រាំ) ច្បាស់ណាស់!»។
គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមករា អ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលផ្លោង ដែលបានផ្ទុះបន្ទាប់ពីរត់បានចំងាយជាង ១០០០ គីឡូម៉ែត្រ។ ក៏ប៉ុន្តែ ជាការឆ្លើយតប រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីជាច្រើនប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ដោយហៅការបាញ់ សាកល្បងនេះជាទង្វើមិនអាចទទួលយកបានជាដាច់ខាត៕