(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុង Moscow របស់រុស្ស៊ី បានបង្ហាញការសោកស្តាយចំពោះការដាក់ទណ្ឌកម្មថ្មី ដោយសហរដ្ឋអាមេរិក លើអ៊ីរ៉ង់ក្រោយពីការបាញ់ សាកល្បងគ្រាប់មីស៊ីល នាពេលចុងក្រោយថ្មីៗនេះ។ នេះបើតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov ចុះផ្សាយដោយ សារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ការបាញ់សាកល្បងគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះមិនបានបំពានសេចក្តីសម្រេច នៃសកម្មភាពផែនការគ្រប់ជ្រុងជ្រោយរួមគ្នា ឬក៏សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលជម្រុញឲ្យអ៊ីរ៉ង់ បោះចោលសកម្មភាពកម្មវិធីគ្រាប់នុយក្លេអ៊ែនោះទេ។ នេះបើតាមសម្តីលោក Ryabkov លោកបន្ថែមយ៉ាងដូច្នេះ។
សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុន និងបុគ្គលជាច្រើននាក់ ដែលបានពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍ គ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Tehran របស់អ៊ីរ៉ង់ បានបាញ់សាកល្បងគ្រាប់មីស៊ីល រយៈចម្ងាយមធ្យមលើបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់របស់ខ្លួន កាលពីចុងខែមុន។
អ៉ីរ៉ង់ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលគាំទ្រធំមួយរបស់រុស្ស៊ី លើបញ្ហានៅតំបន់មជ្ឈិមបូព៌ា។ ប្រទេសទាំងពីរ រួមនឹងតួកគី បានរួមគ្នា ដោះស្រាយបញ្ហានយោបាយ នៅប្រទេសស៊ីរី ដែលកំពុងមានសង្គ្រាមស៊ីវិល។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃចន្ទនេះដែរថា អ៉ីរ៉ង់ មិនមានទំនាក់ទំនងជាមួយ ក្រុមឧទ្ទាម ISIS ឬក្រុមឧទ្ទាមផ្សេងទៀតនោះទេ ដូចនេះអ៊ីរ៉ង់ គួរតែជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕