(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើន របស់សហរដ្ឋអាមេរិក រួមមានទំាង ក្រុមហ៊ុន Apple, Facebook, Google, Microsoft និង Twitter បានដាក់ញត្តិតវ៉ាមួយ ទៅកាន់តុលាការ ដើម្បីប្រឆាំងជំទាស់នឹងក្រឹត្យ (បទបញ្ជាប្រធានាធិបតី) របស់លោក ដូណាល់ ត្រាំ ស្ដីពីជនអន្តោប្រវេសន៍ និងការហាមឃាត់ជាបណ្ដោះអាសន្នប្រជាជនមកពីបណ្ដាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើនចំនួន៧ (អ៊ីរ៉ង, អ៊ីរាក់, ស៊ីរី, លីប៊ី, សូម៉ាលី,ស៊ូដង់ និងយេមែន) ចូលក្នុងសហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ញ្ញតិ្តដែលចុះហត្ថាលេខា ដោយអ្នកតំណាងក្រុមហ៊ុនបច្ចេកវិទ្យាជាង ៩៧ ត្រូវបានដាក់ជូនតុលាការឧទ្ធរណ៍ កាលពីយប់ថ្ងៃទី៥ ឈានចូលថ្ងៃចន្ទ ទី៦ ខែកុម្ភៈនេះ បានចោទប្រកាន់វិធានការប្រឆាំងជនអន្តោប្រវេសន៍ និងជនភៀសខ្លួនរបស់លោក ដូណាល់ ត្រាំ ថានឹងអាចបំផ្លាញយ៉ាងសំខាន់ដល់ពាណិជ្ជកម្ម ព្រមទាំងកំណើនសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគ មកកាន់សហរដ្ឋអាមេរិក។
ក្រុមហ៊ុនដែលបានចុះហត្ថលេខា លើញ្ញត្តិតវ៉ាខាងលើមានដូចជា៖ Apple, Facebook, Google, Microsoft, Twitter, AirBnb, Dropbox, eBay, Intel, Kickstarter, LinkedIn, Lyft, Mozilla, Netflix, PayPal, Uber និងក្រុមហ៊ុន Yelp ដែលសុទ្ធតែមានគោលបំណងរារាំងការអនុវត្តន៍បទបញ្ជា របស់លោក ដូណាល់ ត្រាំ៕