(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃចន្ទនេះ បានជំរុញឱ្យស្ថានីយទូរទស្សន៍អាមេរិក Fox News ធ្វើការសុំទោសជាផ្លូវការ ចំពោះការដែល ពិធីករព័ត៌មានរបស់ខ្លួន បានហៅប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ឌីមៀ ពូទីន ថា ជាឃាតក នៅក្នុងអំឡុងបទសម្ភាសន៍ជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា «យើងចាត់ទុកពាក្យ សម្ដីចេញពីមាត់ពិធីករទូរទស្សន៍ Fox News ជារឿងមិនអាចទទួលយកបាន និងមានចរិកឈ្លានពានទំាងសុ្រង ប៉ុន្តែយើងសង្ឃឹមថា អាចនឹងទទួលបានពាក្យសុំទោសទៅកាន់លោកប្រធានាធិបតី (លោកពូទីន) ក្នុងនាមជាស្ថានីយទូរទស្សន៍មួយដែលគួរឱ្យគោរព»។
គួររំលឹកថា កាលពីថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍ជាមួយលោក ដូណាល់ ត្រាំ ពិធីករទូរទស្សន៍ Fox News លោក បៀល អូរៃលី (Bill O’Reilly) បានលើកឡើងថា លោកពូទីន បានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងនោះរួមមានទាំងអ្នកសារព័ត៌មាន និងក្រុមអ្នកប្រឆាំងនឹងរូបលោក។ «គាត់គឺជាឃាតករ! ពូទីនគឺជាឃាតករ!»។ នេះគឺជាសម្ដី របស់លោក បៀល អូរៃលី៕