(ម៉ូស្គូ)៖ កងកម្លាំងយោធារុស្ស៊ីដល់ទៅជាង២,០០០នាក់ បានចូលរួមក្នុងការធ្វើសមយុទ្ធប្រឆាំងអំពើភេរវកម្មទ្រង់ទ្រាយធំមួយ ដែលកំពុងតែប្រព្រឹត្តទៅនៅភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមលោកឧត្តមសេនីយ៍ Alexander Gordeyev អ្នកនាំពាក្យទីបញ្ជាការយោធារុស្ស៊ីភាគខាងកើត ផ្នែកដ៏សំខាន់ជាងគេនៃសមយុទ្ធយោធានេះ នឹងត្រូវប្រារព្ធឡើងនៅលើទឹកដីរបស់តំបន់ Sakhalin Oblast ដែលស្ថិតនៅចុងភាគខាងកើតប្រទេស ជាមួយការចូលរួមពីឧទ្ធម្ភាគចក្ររាប់សិបគ្រឿងនិងកងលោតឆ័ត្រយោងជាច្រើននាក់។
លោក Gordeyev បានថ្លែងថា «ចំណាប់អារម្មណ៍ចម្បងនឹងផ្តោតសំខាន់ទៅលើបញ្ហានៃការធ្វើប្រាស្រ័យទាក់ទងគ្នា រវាងបណ្តាទីភ្នាក់ងាររក្សាសន្តិសុខនៃតំបន់ Sakhalin Oblast នៅអំឡុងប្រតិបត្តិការពិសេសមួយ។ រីឯក្រុមលោតឆ័ត្រយោងដែលត្រូវដឹកជញ្ជូនតាមរយៈឧទ្ធម្ភាគចក្រធុន Mi-8 នឹងចូលរួមក្នុងការហ្វឹកហ្វឺននេះដើម្បីកម្ចាត់ពួកភេរវករ»។
គួរបញ្ជាក់ថាសមយុទ្ធប្រឆាំងអំពើភេរវកម្មទ្រង់ទ្រាយធំខាងលើ នឹងបន្តរហូតដល់ចុងសប្តាហ៍នេះ ពោលគឺថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧៕