(ហុងកុង)៖ សារបង្ហោះជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមចិន ពាក់ព័ន្ធនឹងមហាសេដ្ឋីមួយរូប ដែលបានបាត់ខ្លួនពីសណ្ឋគារមួយកន្លែងក្នុងទីក្រុងហុងកុង ត្រូវបានលុបចោលជាបន្ទាន់ភ្លាមៗ ហើយករណីនេះអាចមានជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
អាថ៌កំបាំងរីករាលដាលខ្លាំងអំពីទីកន្លែងតាំងនៅបច្ចុប្បន្នរបស់លោក Xiao Jianhua ដែលជាបុរសមានស្តុកស្តមជាងគេបំផុតមួយរូប ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំហុងកុងមួយចំនួន និងញាតិសន្តានរបស់ពួកគេ។ លោក Xiao ត្រូវបានគេប្រទះឃើញជាលើកចុងក្រោយនៅសណ្ឋាគារលំដាប់ផ្កាយប្រាំឈ្មោះថា Four Seasons នៃទីក្រុងហុងកុងកាលពីខែមករា ឆ្នាំ២០១៦ ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថារូបលោកត្រូវបានចាប់ជំរិត ហើយយកទៅកាន់ទីក្រុងប៉េកាំង។
ករណីនេះស្រដៀងគ្នាទៅនឹងការបាត់ខ្លួនកាលពីជាងមួយឆ្នាំ នៃអ្នកលក់សៀវភៅចំនួនប្រាំនាក់នៅទីក្រុងហុងកុង ដែលបានបោះពុម្ពផ្សាយសៀវភៅជាមួយរិះគន់បណ្តាមេដឹកនាំប្រទេសចិន។ ករណីបាត់ខ្លួននៃអ្នកទាំងប្រាំ បានបង្កើនក្តីព្រួយបារម្ភជាខ្លាំងអំពីការធ្វើអន្តរាគមន៍របស់រដ្ឋាភិបាលប៉េកាំងនៅហុងកុង ព្រមទាំងការធ្លាក់ចុះនៃសេរីភាពរបស់ទីក្រុងមួយនេះ ដែលត្រូវបានធានាក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៧ ដែលប្រគល់ទីក្រុងហុងកុងទៅកាន់ការគ្រប់គ្រងរបស់ចិនវិញ។
គួរបញ្ជាក់ថានៅពេលដែលដំណឹងពីការបាត់ខ្លួនរបស់លោក Xiao Jianhua បានផ្ទុះឡើងកាលពីដើមសប្តាហ៍មុន មានសារនិងសេចក្តីរាយការណ៍ជាច្រើនទាក់ទងនឹងករណីនេះនៅលើបណ្តាញទំនាក់ទំនងសង្គមចិន ប៉ុន្តែនាពេលថ្មីៗនេះសុខៗសារទាំងនោះក៏ត្រូវបានលុបចោលទៅវិញ៕