(អាហ្វហ្គានីស្ថាន)៖ ចំនួនជនរងគ្រោះមានទំាងកុមារផងដែរ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានកើនឡើងក្នុងកំរិតមួយដ៏ខ្ពស់កាលពីឆ្នាំ២០១៦កន្លងទៅ ដោយសារតែការវាយប្រហាររបស់ក្រុម ISIS និងការវាយប្រហារតាមផ្លូវអាកាស គិតចាប់តាំងពីឆ្នាំ២០០៩មក។ នេះបើតាមរបាយការណ៍របស់ការអង្គការសហប្រជាជាតិ (UN) ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកស៊ើបអង្កេតUN ជនស៊ីវិល៣,៤៩៨នាក់បានស្លាប់ និង៧,៩២០នាក់បានរងរបួសក្នុងឆ្នាំ២០១៦ ឬកើនឡើង៣ភាគរយបើធៀបទៅនឹងឆ្នាំមុនៗ ខណៈ៦១ភាគរយនៃជនស៊ីវិលទាំងនេះ បានស្លាប់និងរងរបួសដោយសារការវាយប្រហារបំផ្ទុះគ្រាប់បែក របស់ក្រុមឧទ្ទាមតាលីបង់ និងក្រុម ISIS។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ ក្រុមអ្នកស៊ើបអង្កេតនេះដដែលក៏បានឱ្យដឹងដែរថា ការវាយប្រហារតាមផ្លូវអាកាស ពីសំណាក់កងកម្លំាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិកបានបង្កជាការបំផ្លិចបំផ្លាញ និងជនរងគ្រោះកើនឡើងដល់ទៅ៩៩ភាគរយធៀបទៅនឹងឆ្នាំ២០១៥។
គួរបញ្ជាក់ថាបើតាម UN មនុស្ស៨៩៩នាក់ត្រូវបានសម្លាប់ ឬរងរបួសដោយសារតែការវាយប្រហាររបស់ក្រុម ISIS ចំណែកឯ១២៧នាក់បានស្លាប់ និង១០៨នាក់ រងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក។ តែកងកម្លំាងទ័ពអាកាសអាហ្វហ្គានីស្ថានអះអាងថា មានជនស៊ីវិល៨៥នាក់បានស្លាប់ និង១៦៧នាក់រងរបួស៕