(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណបានបរាជ័យក្នុងបង្ហាញ ក៏ដូចជាបញ្ចេញឲ្យដឹងជាសាធារណៈអំពីការវាយប្រហារតាមផ្លូវអាកាសរាប់ពាន់ករណី ដែលបានប្រឹព្រឹត្តទៅក្រោមស្នាដៃរបស់យោធាសហរដ្ឋអាមេរិក នារយៈពេលជាច្រើនឆ្នាំកន្លងទៅនេះនៅ អ៊ីរ៉ាក់ ស៊ីរី អាហ្វហ្គាសនីស្ថានដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសទាំងនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់គេហទំព័រ Military Times ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅ សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមផ្លូវអាកាយ៉ាងតិចចំនួន៤៥៦ដង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តែពុំត្រូវបានរក្សាទុកនៅក្នុងម៉ាស៊ីនផ្ទុកទិន្នន័យ របស់កងទ័ពជើងអាកាសអាមេរិកនោះឡើយ ខណៈទង្វើទាំងអស់នោះត្រូវបានធ្វើឡើងដោយឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានអ្នកបើក (Drone) របស់កងទ័ពអាមេរិកសុទ្ធសាធ។ ម៉្យាងវិញទៀតទិន្នន័យមិនគ្រប់ជ្រុងជ្រោយនេះ អាចកើតមានឡើងតាំងពីខែតុលា ឆ្នាំ២០០១មកម៉្លេះ។
គួរបញ្ជាក់ថា គេហទំព័រ Military Times បានចាត់ទុកខ្លួនឯងថាគឺជាស្ថាប័នព័ត៌មានឯករាជ្យមួយ ស្របពេលដែលភ្លាមៗនេះមន្ទីរបញ្ចកោណ និងកងទ័ពអាមេរិក មិនទាន់ធ្វើការអធិប្បាយណាមួយ ដើម្បីឆ្លើយតបជុំវិញបញ្ហានេះនៅឡើយទេ៕