(មូហ្គាឌីស៊ូ)៖ ពួកឧទ្ទាម អាល់ សាបាអាប់ ដ៏ធំបំផុតនៅប្រទេសសូម៉ាលីបានធ្វើការប្រហារជីវិតបុរសចំនួន ០៤នាក់ ដែលហ៊ានប្រព្រឹត្តចារកម្មសម្ងាត់ឲ្យ សហរដ្ឋអាមេរិក និងប្រទេសកេនយ៉ា ជាសត្រូវធំបំផុតរបស់ ក្រុមសកម្មប្រយុទ្ធដែលជាសម្ព័ន្ធមិត្តជាមួយ ក្រុមភេរវករអាល់កៃដាមួយនេះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ Channel News Asia ដកស្រង់ពី Reuters នារសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ការប្រហារជីវិតខាងលើនេះត្រូវបានក្រុមឧទ្ទាមអះអាងថា បានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅពីមុខតុលាការរបស់ពួក អាល់ សាបាអាប់ ដែលមានមូលដ្ឋាន នៅក្នុងស្រុក Jamame នៃតំបន់ Jubba ដែលមានចម្ងាយ ៧០គីឡូម៉ែត្រពីតំបន់ Kismayu ភាគខាងជើងប្រទេសសូម៉ាលី។ ពួកគេត្រូវបានប្រហារជីវិតនៅកណ្តាល ចំណោមមនុស្សតែម្តង ប៉ុន្តែគេមិនបានបញ្ជាក់ពីវិធី នៃការប្រហារជីវិតនោះឡើយ។
គួរបញ្ជាក់តាមសារព័ត៌មានខាងលើនេះទៀតថា បុរសទាំង០៤នាក់ខាងលើនេះ បានសារភាពថាពួកគេពិតជាបានធ្វើចារកម្មសម្ងាត់ឲ្យ បណ្តាប្រទេស លោកខាងលិចប្រាកដមែន។ ដោយឡែកបណ្តាប្រទេសលោកខាងលិចវិញ មិនទាន់បានបញ្ចេញប្រតិកម្ម ណាមួយឆ្លើយតបទៅនឹងការលើកឡើងរបស់ពួក អាល់ សាបាអាប់ ដែលតែងតែបង្កទុក្ខទោម្នេញ ដល់បេសកកម្មអង្គការសហប្រជាជាតិ នៅសូម៉ាលីនោះឡើយ៕