(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកំាងគ្រោងនឹងចាត់វិធានការក្ដៅ ក៏ដូចជាសន្យាថានឹងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មឱ្យបាន៣០ភាគរយនៅឆ្នាំ២០១៧នេះ ក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់អាកាស ក្នុងទីក្រុងដែលមានប្រជាជនរស់នៅខ្ទង់ ២១លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមអភិបាលក្រុងប៉េកាំង លោក Cai Qi អាជ្ញាធរចិននឹងអនុវត្តន៍វិធានការពិសេសសំដៅទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់អាកាស ដោយសារតែការប្រើប្រាស់ធ្យូងថ្ម។ លោក Cai បានលើកឡើងថា «យើងនឹងព្យាយាមកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ត្រឹមកំរិតសូន្យនៅក្នុងស្រុកធំៗចំនួន០៦ និងតំបន់ជាច្រើននៃភាគខាងត្បូងទីក្រុងប៉េកាំង ហើយវិធានការថ្មីនេះ ក៏គ្រោងនឹងកាត់បន្ថយផងដែរ ការប្រើប្រាស់ធ្យូងថ្មតិចជាង០៧លានតោន ក្នុងឆ្នាំ២០១៧នេះ»។ ទោះបីជាយ៉ាងណាគេមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាការសន្យានេះនឹងត្រូវបានអនុវត្តដល់កំរិតណា ខណៈធ្យូងថ្មជាប្រភពថាមពលដ៏សំខាន់នៃសេដ្ឋកិច្ចចិន។
គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ការបំពុលខ្យល់អាកាស ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាជនចិន ទីក្រុងប៉េកាំងបានចាត់វិធានការជាច្រើន ក្នុងនោះរួមមានទាំងការបិទរោងចក្រធ្យូងថ្មមួយចំនួន និងហាមមិនឱ្យរថយន្ដធុនធ្ងន់ ធ្វើចរាចរណ៍ក្នុងទីក្រុង។ ក្រុមអាជ្ញាធរកាលពីដំបូងឡើយមានបំណងកាត់ បន្ថយការប្រើប្រាស់ធ្យូងថ្មឱ្យនៅក្រោម១០លានតោននៅក្នុងឆ្នាំនេះ បន្ទាប់ពីការប្រើប្រាស់ធ្យូងថ្មកាលពីឆ្នាំ២០១៣ មានរហូតដល់២២លានតោនឯណោះ៕