(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក «មិនមែនជាអ្នកគ្មានទោសពៃ» ដូចដែលយើងបានឃើញនោះទេ។ នេះគឺជាការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានស្ថានីយ៍ទូរទស្សន៍ Fox News លោក បៀល អូរៃលី (Bill O’Reilly) ដែលបានហៅលោក វ្ល៉ាឌីមៀ ពូទីន ថាជា «ឃាតករ»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងទីក្រុង វ៉ាស៊ីនតោន) ជាពិសេសនៅពេលលោក អូរៃលី សួរថាតើលោកគោរពលោក ពូទីន មែនឬ? លោក ត្រាំ បានឆ្លើយដោយគ្មានស្ទាក់ស្ទើរថា «ខ្ញុំគោរពគាត់! ពិតណាស់ខ្ញុំគោរពមនុស្សជាច្រើន ក៏ប៉ុន្តែវាមិនមែនមានន័យថា ខ្ញុំត្រូវរ៉ូវជាមួយនឹងពួកគេទាំងអស់គ្នានោះទេ»។ គាត់គឺជាមេដឹកនាំប្រទេសរបស់គាត់ ដូច្នេះខ្ញុំយល់ថាវាជារឿងល្អបំផុតដែលសហការជាមួយរុស្ស៊ី បើសិនជាទីក្រុងមូស្គូជួយយើងក្នុងការប្រយុទ្ធ ឬកម្ទេចក្រុម ISIS រួមទាំងក្រុមភេរវករនៅទូទាំងពិភពលោក»។
បន្ថែមពីនេះខណៈអ្នកសារព័ត៌មានរូបនេះដដែល ហៅលោក ពូទីន ថាជាឃាតករ លោក ត្រាំ បានចេញមុខការពារលោក ពូទីន ភ្លាមៗដោយបញ្ជាក់ថា «មានឃាតករជាច្រើន! យើងមានឃាតករជាច្រើន តើអ្នកគិតទេថាប្រទេសរបស់យើងជាអ្នកគ្មានទោសពៃនោះ?»។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលលោក ដូណាល់ ត្រាំ ចេញមុខការពារប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពោលគឺកាលពីចុងឆ្នាំ២០១៥ កម្មវិធី Morning Joe នៃស្ថានីយ៍ទូរទស្សន៍ MSNBC ប្រាប់លោកថាលោក ពូទីន បានសម្លាប់អ្នកសារព័ត៌មាន ក៏បុន្តែលោក ត្រាំ បានតបវិញភ្លាមថា «ខ្ញុំគិតថាប្រទេសរបស់យើង ក៏បានធ្វើឱ្យមនុស្សស្លាប់ជាច្រើនដូចគ្នាដែរ ចូ! (Joe!)»៕