(សេអ៊ូល)៖ ការសម្រេចចិត្តរបស់មេដឹកនាំកំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងការបណ្ដេញនាយកទីភ្នាកងាក់ស៊ើបការសម្ងាត់ លោក គីម វ៉ុន ហុង (Kim Won-hong) ចេញពីតំណែងនាពេលថ្មីៗនេះ អាចនឹងបង្កភាពច្របូកច្របល់ និងអស្ថរភាពយ៉ាងធ្ងន់ធ្ងរ នៅក្នុងចំណោមមន្ត្រីកំពូលៗ នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមវិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិកូរ៉េខាងត្បូង (INSS) ដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រកន្លងទៅ លោក គីម វ៉ុនហុង ជានាយកទីភ្នាក់ងារស៊ើបការសម្ងាត់ ឬមានតំណែងស្មើនឹងរដ្ឋមន្ត្រីសន្តិសុខជាតិ ត្រូវបានលោក គីម បណ្ដេញចេញពីតំណែងកាលពីពាក់កណ្ដាលខែមករា ដោយសារតែរឿងអាស្រូវពុករលួយ និងរំលោភអំណាចរដ្ឋ។ បន្ថែមពីលើនេះអតីតឧត្ដមសេនីយ៍ផ្កាយបួនរូបនេះ ក៏ត្រូវបានទម្លាក់តំណែង មកនៅត្រឹមឧត្ដមសេនីយ៍ផ្កាយមួយវិញផងដែរ។
ពាក់ព័ន្ធនឹងការដកតំណែងនេះដែរ INSS បានកត់សម្គាល់ថា «ការដកលោក គីម វ៉ុនហុង ចេញពីតំណែង អាចនឹងបង្កជាអស្ថេរភាពយ៉ាងធ្ងន់ធ្ងរ នៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ត្បិតពួកគេនឹងចាប់ផ្តើម ភ័យខ្លាច និងចោទប្រកាន់គ្នាទៅវិញទៅមកនៅក្រោយឆាកនយោបាយថា«អ្នកនេះស្មោះ អ្នកនោះក្បត់» ហើយដែលនេះនឹងជំរុញឱ្យមន្ត្រីកូរ៉េខាងជើងមួយចំនួន មិនពេញចិត្តនឹងការដឹកនាំរបស់លោក គីម ជុងអ៊ុន បន្តរត់ភៀសខ្លួនទៅចុះចូលជាមួយកូរ៉េខាងត្បូង»។
គួរបញ្ជាក់ថាចាប់តាំងពីការឡើងកាន់អំណាចកាលពីឆ្នាំ២០១១មក លោក គីម ជុងអ៊ុន បានពង្រឹងអំណាចរបស់លោក តាមរយៈការបោសសំអាត និងប្រហារជីវិតមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាង ៧០នាក់ដែលលោកអះអាងថាជាជនក្បត់ និងប្រព្រឹត្តអំពើពុករលួយ ក្នុងនោះរួមមានទំាងពូបង្កើតលោក ចាង សុងតេក (Jang Song-taek) និងរដ្ឋមន្ត្រីការពារជាតិ លោក ហ៊ីយ៉ុន យ៉ង់ឆុល (Hyon Yong-chol ) ជាដើម៕