(ឡុងដ៍)៖ ម្ចាស់ក្សត្រីអង់គ្លេសបានគ្រងរាជ្យសម្បត្តិរបស់ទ្រង់ ឈានចូលដល់វេលា៦៥ឆ្នាំហើយ ដែលនេះជាការគ្រងរាជ្យសម្បត្តិដ៏យូរលង់ផងដែរ បើប្រៀបធៀបនឹងព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និងអតីតព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia ដកស្រង់ពីបណ្តាញ Reuters នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ព្រះរាជវាំងក្នុងទីក្រុងឡុងដ៍ចក្រភពអង់គ្លេស កំពុងរៀបចំព្រះរាជពិធីខួបគំរប់ការឡើងគ្រងរាជ្យ ៦៥ឆ្នាំរបស់ម្ចាស់ក្សត្រីយ៉ាងគគ្រិកគគ្រេង ដោយមានដាក់តាំងបង្ហាញនូវព្រះឆាយាល័ក្ខណ៍របស់ទ្រង់ ដែលត្រូវបានថតកាលពីឆ្នាំ២០១៤ គ្រងដោយគ្រឿងអលង្កាដែលបានទទួលពីស្តេច George ទី០៦ ជាអំណោយក្នុងព្រះរាជពិធីរៀបអភិសេករបស់ទ្រង់កាលពីឆ្នាំ១៩៤៧។
គួរបញ្ជាក់ថាម្ចាស់ក្សត្រីពេលនេះមានព្រះជន្មាយុ ៩០ព្រះវស្សាទៅហើយ ដោយសារតែទ្រង់មានវ័យជរា ដូច្នេះការបំពេញទស្សនកិច្ចទៅកាន់ប្រទេសនានាត្រូវបានផ្អាក ប៉ុន្តែសម្រាប់រាជ្យកិច្ចក្នុងស្រុក ទ្រង់នៅតែអាចបន្តជាធម្មតានៅទូទាំងចក្រភពអង់គ្លេស។ នៅថ្ងៃទី០៦ ខែកុម្ភៈនេះ កាំភ្លើងរាជចំនួន ៤១ដើម នឹងត្រូវបាញ់ចេញនៅកណ្តាលទីក្រុងឡុងដ៍ ដើម្បីសម្គាល់ថ្ងៃខួបគំរប់ ៦៥ឆ្នាំនេះតែម្តង៕