(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមជួបពិភាក្សាការងារជាមួយ មេដឹកនាំអឺរ៉ុប (សមាជិកអង្គការ NATO) នៅខែឧសភាហើយ ដែលការសម្រេចចិត្តនេះធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងលោក និងអគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនប៊ឺគ (Jens Stoltenberg) នៅថ្ងៃអាទិត្យ ដោយអ្នកទាំងពីរបានផ្ដោតសំខាន់ពីវិបត្តិនៅភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈបណ្ដាប្រទេសអឺរ៉ុបកំពុងព្រួយបារម្ភពីទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិកថ្មីរូបនេះ ជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ នេះបើតាមសេតវិមានដកស្រង់សម្ដីដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកម្ភៈ ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់សេតវិមានបានឱ្យដឹងថា លោក ត្រាំ និងលោក ស្ដូលធិនប៊ឺគ បានពិភាក្សាគ្នា ថាតើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាចជំរុញឱ្យបណ្ដាប្រទេសជាសមាជិកអង្គការ NATO ទំាងអស់ប្ដេជ្ញាចូលរួមចំណែកយ៉ាងពេញទំហឹង ក្នុងការចំណាយលើវិស័យការពារជាតិ។ បន្ថែមពីលើនេះអ្នកទំាងពីរ ក៏ជជែកគ្នា ផងដែរជុំវិញការស្វែងរកដំណោះស្រាយសន្តិភាពបញ្ចប់ជម្លោះនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដែលអាចនឹងក្លាយជារបៀបវារៈ ដ៏សំខាន់នៅក្នុងជំនួបរវាង លោក ត្រាំ និងមេដឹកនាំអឺរ៉ុប ហើយមិនតែប៉ុណ្ណោះ វាក៏នឹងក្លាយជាឱកាសមួយសម្រាប់លោក បញ្ជាក់ពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ប្រឈមមុខនឹងការ ពង្រីកឥទ្ធិពលរុស្ស៊ីនៅតំបន់អឺរ៉ុបខាងកើត។
គួរបញ្ជាក់ថានៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់សន្យាថា នឹងឱ្យបណ្ដាប្រទេសជាសមាជិកអង្គការ NATO ជួយចេញថ្លៃចំណាយលើការចាយវាយរបស់កងទ័ពអាមេរិក បើសិនជាពួកគេនៅត្រូវការទីក្រុងវ៉ាស៊ីនតោន បន្តធ្វើជាខែលនុយក្លេអ៊ែរការពារនឹងការឈ្លានពានពីសត្រូវ។ ក៏ប៉ុន្តែក្រុមអ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋមួយចំនួន បានច្រានចោលសំណើនេះដោយសារពួកគេខា្លចក្រែងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឆ្លៀតឱកាសទាញយកប្រយោជន៍៕