(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថារូបលោកកំពុងបង្កើត គណៈកម្មការមួយដែលនឹងដឹកនាំដោយអនុប្រធានាធិបតីលោក មៃខ ផែន (Mike Pence) ដើម្បីបើកការស៊ើបអង្កេតទៅលើអ្វីដែលមេដឹកនាំកំពូលសហរដ្ឋអាមេរិក បានអះអាងថា ជាការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសររើសប្រធានាធិបតីកាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះអ្នករាល់គ្នាបានដឹងហើយថា ពុំមានភស្តុតាងជាសាធារណៈណាមួយដែលបានបង្ហាញថា ការបន្លំសន្លឹកឆ្នោតនៅក្នុងចំនួនដ៏ច្រើនលើសលុបនោះឡើយ ហើយលោក ដូណាល់ ត្រាំ ផ្ទាល់ក៏ដូចជាសេតវិមានក៏បានបរាជ័យក្នុងការផ្តល់ភស្តុតាង ដើម្បីគាំទ្រការអះអាងនេះផងដែរ តែទោះបីជាយ៉ាងណាលោកប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងពីមធ្យោបាយជាច្រើន ដែលលោកជឿជាក់ថា ការក្លែងបន្លំសន្លឹកឆ្នោត បានកើតមានឡើងក្នុងការបោះឆ្នោតកាលពីចុងឆ្នាំមុនប្រាកដមែន នៅអំឡុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News នាថ្ងៃអាទិត្យកន្លងទៅនេះ។
ជាមួយគ្នានេះដែរក្រុមមេធាវីរបស់លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដែរថា ពុំមានភស្តុតាងបង្ហាញអំពីការបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ឡើយ ក៏ប៉ុន្តែនាពេលនេះលោក ត្រាំ បានសន្យាថានឹងបង្កើតគណៈកម្មការមួយដែលស្ថិតក្រោមការដឹកនាំរបស់អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ផែន ហើយនឹងធ្វើការស៊ើបអង្កេតទៅលើការបន្លំសន្លឹកឆ្នោតនៅក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយយកចិត្តទុកដាក់ជាទីបំផុត។
គួរបញ្ជាក់ថាយោងតាមសម្តីរបស់លោកប្រធានាធិបតីអាមេរិក បើសិនជាគ្មានការចូលរួមបោះឆ្នោតពីសំណាក់ជនអន្តោប្រវេសន៍ខុសច្បាប់ទេនោះ រូបលោកមិនត្រឹមតែបានទទួលជ័យជម្នះលើសំឡេងក្រុមអ្នកតំណាងនៅតាមបណ្តារដ្ឋ (Electoral College) នោះឡើយហើយក៏បានឈ្នះផងដែរទាំងចំនួនសំឡេងឆ្នោតរបស់ប្រជាជនសហរដ្ឋអាមេរិក ដែលបានធ្លាក់ទៅលើគូប្រជែងរបស់លោក ដែលមកពីគណបក្សប្រជាធិបតេយ្យគឺលោកស្រី ហ៊ីលឡារី គ្លីនតុន៕