(ធានតៃ)៖ ហាងម៉ាស្សាជើង និងស្ទីមមួយកន្លែងស្ថិតនៅក្នុងខេត្តស៊ីជាំង ភាគខាងកើតប្រទេសចិន បានទទួលរងអគ្គីភ័យឆាបឆេះយ៉ាងដំណំ និងបានឆក់យកជីវិតមនុស្ស ១៨នាក់ ខណៈ១៨នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ភ្លើងបានឆាបឆេះហាងម៉ាស្សា និងងូតទឹក (ស្ទីម) មានយីហោ Zuxintang ស្ថិតនៅក្នុងសង្កាត់ធានតៃ នៃទីក្រុងតៃចូវ នាវេលាម៉ោង ៥៖២៦នាទីល្ងាចថ្ងៃអាទិត្យ។ រហូតមកដល់ព្រឹកថ្ងៃចន្ទនេះ ប៉ូលិសចិនក្នុងសង្កាត់ធានតៃបានអះអាងថា មនុស្ស១៨នាក់ភាគច្រើនជាភ្ញៀវចូលហាងខាងលើនេះបានបាត់បង់ជីវិត និង១៨នាក់ទៀតកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យក្នុងសង្កាត់ដដែល។
តាមសម្តីរបស់ប៉ូលិសបានឲ្យដឹងទៀតថា ភ្លើងបានចាប់ផ្តើមឆាបឆេះចេញពីជាន់ទីពីរនៃហាងម៉ាស្សា ដែលមានកម្ពស់០៦ជាន់ រហូតរាលដាលដល់ជាន់ផ្សេងៗទៀត ហើយវាត្រូវបានពន្លត់ដោយជោគជ័យនៅអំឡុងម៉ោង ៧៖០០នាទីល្ងាចថ្ងៃដដែល។ សម្រាប់មូលហេតុនៃការឆាបឆេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕