(អាហ្វហ្គានីស្ថាន)៖ ក្រុមមន្ត្រីអាហ្វហ្គានីស្ថាន បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះថ្នាក់បាក់ផ្ទំាងទឹកកកសង្កត់ជាបន្តបន្ទាប់បានកើនឡើងដល់ច្រើនជាង១០០នាក់ហើយ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា អាចនឹងមានច្រើនជាងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
គ្រោះថ្នាក់បាក់ផ្ទាំងទឹកកកនេះ បានកើតឡើងបន្ទាប់ពីមានព្រិលធ្លាក់យ៉ាងសន្ធាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយវាបានបំផ្លាញផ្ទះជាច្រើនខ្នង រីឯផ្លូវជាច្រើនមិនអាចធ្វើដំណើរបាន ជាពិសេសគឺនៅតំបន់ភាគកណ្ដាល និងភាគឦសាននៃប្រទេស ដែលនេះកំពុងបង្កការលំបាកដល់ក្រុមអ្នកជួយសង្រ្គោះក្នុងការបំពេញការងាររបស់ពួកគេ។
ជុំវិញបញ្ហានេះដែរអ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថាន លោក Mohammad Omar Mohammadi បានថ្លែងថា សាកសពមនុស្ស៥០នាក់ត្រូវបានគេរកឃើញនៅក្នុងភូមិចំនួនពីរនៃស្រុក Bargmatal ស្ថិតក្នុងខេត្ត Nuristan និងមនុស្ស៥៤នាក់ ក៏ត្រូវបានគេរាយការណ៍ថា បាត់បង់ជីវិតផងដែរ នៅតំបន់ភាគកណ្ដាល និងភាគឦសានជាទីដែលអាជ្ញាធរបានអះអាងថា ផ្ទះ១៦៨ខ្នងត្រូវបានបំផ្លាញ ហើយ សត្វពាហនៈរាប់រយក្បាលបានងាប់។
គួរបញ្ជាក់ថាបើតាមក្រុមអ្នកជួយសង្រ្គោះ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងត្បិតពួកគេកំពុងទាញយកមនុស្សជាង៧០នាក់ ចេញពីផ្ទាំងទឹកកកបាក់សង្កត់៕