(វ៉ាស៊ីនតោន)៖ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិក បានច្រានចោលសំណើររបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញនូវបទបញ្ជាស្ដីពី ជនភៀសខ្លួន និងការហាមឃាត់ប្រជាជនមកពីប្រទេសមូស្លីមភាគច្រើនចំនួន៧ ចូលក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចៅក្រមតុលាការកំពូលរាំងខ្ទប់ កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

តុលាការកំពូលអាមេរិក បានសម្រេចព្យួរ ឬផ្អាកបទបញ្ជា​របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ ដែលបានដាក់ការ​ហាមឃាត់​ការធ្វើដំណើរ​មកកាន់​អាមេរិក ចំពោះប្រជាជន​មកពីបណ្តា​ប្រទេសមូស្លីម​ចំនួន០៧ ដោយចាត់ទុកថា វាផ្ទុយទៅនឹងរដ្ឋធម្មនុញ និងជាការរើសអើង។ ប៉ុន្តែ​ប្រធានាធិបតីថ្មី​រូបនេះ​មិនបាន​យល់ស្រប​តាមនោះឡើយ ដោយលោក​អះអាងថា​​ នឹងយកការហាមឃាត់​​ដ៏ស្របច្បាប់​នោះ​ ត្រឡប់មក​អនុវត្តន៍ឲ្យបាន។ ជាងនេះទៅទៀតលោក ត្រាំ ថែមទាំង បានប្រើពាក្យសម្តីធ្ងន់ៗទៅលើលោក James Robart ដែលជា​ចៅក្រមតុលាការកំពូលម្នាក់ ហើយថាការសម្រេចចិត្តរបស់ចៅក្រមរូបនេះគឺជារឿង គួរឲ្យអស់សំណើច និងជាការអូសទាញអាមេរិកឲ្យកាន់តែឆ្ងាយពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។

គួរបញ្ជាក់ថា បន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការកំពូលរបស់​សហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍​មួយចំនួនបានចាប់ផ្តើមអនុវត្តន៍តាមដោយអនុញ្ញាត ឲ្យបណ្តាជនជាតិមកពីប្រទេសទាំង០៧ដែលត្រូវ​បានហាមឃាត់ដោយលោក ត្រាំ អាចធ្វើដំណើរមកកាន់អាមេរិក​វិញជាធម្មតា។ ប្រជាជនមកពីប្រទេសមូស្លីម ភាគ ច្រើន ដែលត្រូវលោក ដូណាល់ ត្រាំ ហាមជាបណ្ដោះអាសន្នមិនឱ្យចូលក្នុងសហរដ្ឋអាមេរិក រួមមាន អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, យេមែន និងស៊ីរី៕