(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តប្ដឹងជំទាស់ហើយ ទៅនឹងការផ្អាកបទបញ្ជារបស់លោក ដោយចៅក្រមតុលាការកំពូលម្នាក់ ក្នុងទីក្រុង Seattle ស្ដីពីការហាមឃាត់ការធ្វើដំណើរមកកាន់អាមេរិក ចំពោះប្រជាជនមកពីបណ្តាប្រទេសមូស្លីមចំនួន០៧។ នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មាន BBC ថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះដែរ លោក ដូណាល់ ត្រាំ បានជះពាក្យសម្តីធ្ងន់ៗទៅលើលោក James Robart ដែលជាចៅក្រមតុលាការកំពូលថា «ជាការសម្រេចចិត្តដ៏គួរឲ្យអស់ សំណើចខ្លាំងណាស់ ដែលវាជាការអូសទាញអាមេរិកឲ្យកាន់តែឆ្ងាយពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។ បន្ថែមពីលើនេះ លោកត្រាំ ក៏បានតែងតាំងរដ្ឋមន្រី្តមហាផ្ទៃ លោក ចន ឃែលលី (John Kelly) និងរដ្ឋមន្ត្រីការបរទេសថ្មី លោក រិច ធីល្លឺសុន (Rex Tillerson) ជាតំណាងដើមបណ្ដឹង ដើម្បីប្ដឹងជំទាស់ទៅនឹងចៅក្រមរូបនេះ។ តែ ទោះជាយ៉ាណា សម្រាប់ លោក Robart ការហាមឃាត់ជនភៀសខ្លួនរបស់ លោកត្រាំ គឺមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ហើយម្យ៉ាងវិញទៀត បន្ទាប់ពីមានសេចក្តី សម្រេចពីតុលាការកំពូលរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានចាប់ផ្តើមអនុវត្តន៍តាម ដោយអនុញ្ញាតឲ្យបណ្តាជនជាតិមកពីប្រទេសទាំង០៧ ដែលត្រូវបានហាមឃាត់ដោយលោក ត្រាំ អាចធ្វើដំណើរមកកាន់អាមេរិកវិញជាធម្មតា។
គួរបញ្ជាក់ថា ប្រជាជនមកពីប្រទេសមូស្លីមភាគច្រើន ដែលត្រូវលោក ដូណាល់ ត្រាំ ហាមជាបណ្ដោះអាសន្ន មិនឱ្យចូលក្នុងសហរដ្ឋអាមេរិក រួមមាន អ៊ីរ៉ង់,អ៊ីរ៉ាក់,លីប៊ី, សូម៉ាលី,ស៊ូដង់,យេមែន និងស៊ីរី៕