(វ៉ាស៊ីនតោន)៖ ទីបំផុតតុលាការសហព័ន្ធអាមេរិក បានសម្រេចព្យួរឬផ្អាកបទបញ្ជារបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកដែលបានដាក់ការហាមឃាត់ការធ្វើដំណើរមកកាន់អាមេរិក ចំពោះប្រជាជនមកពីបណ្តាប្រទេសមូស្លីមចំនួន០៧ នោះហើយ ប៉ុន្តែប្រធានាធិបតីថ្មីរូបនេះមិនបានយល់ស្របតាមនោះឡើយ ដោយលោកអះអាងទៀតថា នឹងយកការហាមឃាត់ដ៏ស្របច្បាប់នោះ ត្រឡប់មកអនុវត្តន៍ឲ្យបាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាយប់ថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ជុំវិញបញ្ហានេះលោក ដូណាល់ ត្រាំ បានជះពាក្យសម្តីធ្ងន់ៗទៅលើលោក James Robart ដែលជាចៅក្រមតុលាការសហព័ន្ធថា «ជាការសម្រេចចិត្តដ៏គួរឲ្យអស់សំណើច ខ្លាំងណាស់ ដែលវាជាការអូសទាញអាមេរិក ឲ្យកាន់តែឆ្ងាយពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ»។ សេចក្តីសម្រេចរបស់លោក Robart បានបញ្ជាក់ថា «ការហាមឃាត់ជនភៀសខ្លួន គឺមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញ»។
គួរបញ្ជាក់ថាបន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការកំពូលរបស់សហរដ្ឋអាមេរិក អាកាសចរណ៍មួយចំនួនបានចាប់ផ្តើមអនុវត្តន៍តាម ដោយអនុញ្ញាតឲ្យបណ្តាជនជាតិមកពី ប្រទេសទាំង០៧ដែលត្រូវបានហាមឃាត់ដោយលោក ត្រាំ អាចធ្វើដំណើរមកកាន់អាមេរិកវិញជាធម្មតា។ លោក ត្រាំ បានបង្ហោះសារនៅក្នុងបណ្តាញ Twitter របស់លោកថា «បទបញ្ជាលោកនឹងត្រូវយកមកអនុវត្តន៍ឡើងវិញឲ្យបាន»៕