(តេហេរ៉ង់)៖ កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានរៀបចំធ្វើសមយុទ្ធការពារដែនអាកាសដ៏ធំមួយនៅថ្ងៃសៅរ៍នេះ ដែលមានការចូលរួមពីកងកម្លាំងយោធា និងសព្វាវុធទំនើបៗធ្វើការហ្វឹកហ្វឺននៅលើផ្ទៃដី ៣៥.០០០គីឡូម៉ែត្រក្រឡា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ដកស្រង់ពីសារព័ត៌មានអ៊ីរ៉ង់ IRNA នារសៀលថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ការធ្វើសមយុទ្ធខាងលើនេះ បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ដោយសារតែការធ្វើតេស្តគ្រាប់មីស៊ីលកាលពីពេលថ្មីៗនេះ ដែលអាមេរិកចោទថាជាការរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ ប៉ុន្តែអ៊ីរ៉ង់បានអះអាងជាច្រើនលើកហើយថា ខ្លួនមិនបានប្រព្រឹត្តខុសអ្វីឡើយ ហើយអាវុធមីស៊ីលនោះ ក៏មិនមែនជាប្រភេទដែលអាចបំពាក់គ្រាប់នុយក្លេអ៊ែរបាននោះដែរ។
សម្រាប់សមយុទ្ធនៅថ្ងៃសៅរ៍នេះ ប្រទេសអ៊ីរ៉ង់មានគោលដៅបង្កើនសមត្ថភាពដល់កងកម្លាំងរបស់ IRGC ទប់ទល់នឹងការគំរាមកំហែងនានា។ ប្រព័ន្ធរ៉ាដាចាប់សញ្ញាពីលើដី ការរៀបចំយុទ្ធសាស្ត្រនានា និងការគ្រប់គ្រងប្រព័ន្ធសព្វាវុធអេឡិចត្រូនិក ត្រូវបានដាក់បញ្ចូលទៅក្នុងការធ្វើសមយុទ្ធនោះ៕