(ប៉េកាំង)៖ ប្រទេសចិនបានព្រមានទៅសហរដ្ឋអាមេរិកថា កុំក្រឡុកស្ថានការណ៍នៅតំបន់អាស៊ីបូព៌ាតទៅទៀត ដែលការព្រមានធ្ងន់ៗនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាមេរិក លោក Jim Mattis កំពុងបំពេញទស្សនកិច្ចនៅជប៉ុនបានលើកឡើងថា ប្រជុំកោះស៊ិនកាគុ (ចិនហៅតាវយុ) គឺត្រូវបានការពារដោយសន្ធិសញ្ញារវាងជប៉ុន-អាមេរិក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia ដកស្រង់ពីបណ្តាញ Reuters នារសៀលថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
គួរបញ្ជាក់ថាប្រជុំកោះស៊ិនកាគុ ដែលចិនហៅថាតាវយុ និងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុននៅឡើយនោះ គឺជាទីតាំងប្រកបដោយសក្កានុពលមួយដែលអំណោយផលលើការនេសាទធនធានសមុទ្រ ដែលជប៉ុនទន្ទ្រានគ្រប់គ្រងនៅសម័យសង្គ្រាមលោក ប៉ុន្តែបើតាមភាពជាក់ស្តែងនៃតឹកតាងប្រវត្តិសាស្ត្រប្រទេសចិនធ្លាប់បានគ្រប់គ្រងលើប្រជុំកោះទាំងអស់នេះ អស់រាប់សតវត្សរ៍មកហើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានលើកឡើងប្រាប់ស៊ិនហួរថា «ប្រជុំកោះតាវយុ និងតំបន់ព័ទ្ធជុំវិញគឺជាដែនដីប្រវត្តិសាស្ត្ររបស់ប្រទេសចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលគ្មាននរណាម្នាក់ អាចប្រកែកពីការពិតជាប្រវត្តិសាស្ត្រនេះបានឡើយ។ យើងអំពាវនាវឲ្យភាគីអាមេរិកទទួលខុសត្រូវចំពោះឥរិយាបថរបស់ខ្លួន ហើយឈប់ធ្វើការលើកឡើងដោយខុសពីការពិត និងសូមឈប់ដុតរោលស្ថានការណ៍ឲ្យកាន់តែយ៉ាប់យឺនជាងនេះទៀតនៅក្នុងតំបន់»។
គួរបញ្ជាក់តាមសម្តីរបស់លោក Mattis នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនថា សហរដ្ឋអាមេរិករក្សាគោលនយោបាយឥតកែប្រែចំពោះជំហររបស់ខ្លួនលើបញ្ហាប្រជុំកោះ ស៊ិនកាគុ ហើយអាមេរិកបន្តគាំទ្រប្រទេសជប៉ុនក្នុងការគ្រប់គ្រងប្រជុំកោះនោះតទៅទៀត៕