(សេអ៊ូល)៖ ក្រុមគ្រូពេទ្យជំនាញវះកាត់របស់កូរ៉េខាងត្បូងមួយក្រុម បានសម្រេចនូវការវះកាត់ប្តូរប្រអប់ដៃ ជាលើកដំបូងទៅលើបុរសវ័យខ្ទង់ ៣០ឆ្នាំម្នាក់ ដែលវាជា ជោគជ័យទីមួយហើយសម្រាប់កូរ៉េខាងត្បូង ដែលបានសម្រេចចេញនូវលទ្ធផលបែបនេះក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយដោយទីភ្នាក់ងារ ព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០១៧។
ក្រុមគ្រូពេទ្យខាងលើនេះមានសមាជិកសរុប ២៥នាក់ ដឹកនាំដោយលោក Woo Sang Hyun ប្រធានមន្ទីរពេទ្យ W Hospital បានសម្រេចចិត្តវះកាត់យកប្រអប់ដៃ ពីបុរសម្នាក់ដែលមានអាយុ ៤០ឆ្នាំ ដែលខួរក្បាលរបស់គាត់លែងដំណើរការទៅហើយ (ស្លាប់)។ ការវះកាត់ត្រូវបានចំណាយពេល ១០ម៉ោង នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Yeungnam ទីក្រុងដេហ្គូ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ថាដៃដែលត្រូវបានវះកាត់យកមកផ្សាំឲ្យបុរសម្នាក់ទៀតខាងលើនេះ មានផ្នែកប្រអប់ដៃ និងកុំភួនដៃ។ ក្រោយការវះកាត់រួចរាល់ជាស្ថាពរកាលពីថ្ងៃសុក្រ ក្រុមគ្រូពេទ្យបានអះអាងថា បុរសដែលទទួលបានដៃថ្មីគឺមានស្ថានភាពសុខភាពល្អធម្មតា ប៉ុន្តែរាងកាយរបស់លោកត្រូវការពេលវេលាយូរ ដើម្បីកម្រើកជាធម្មតាឡើងវិញ ដោយសារតែបានចំណាយពេលវេលាយូរក្នុងការវះកាត់ប្តូរដៃ៕