(សាន់ត្យាហ្គោ)៖ ភ្លើងឆេះព្រៃដ៏អាក្រក់នៅប្រទេសឈីលី បានអូសបន្លាយរយៈពេលជាងពីរសប្តាហ៍ ដែលបានបណ្តាលឲ្យប្រទេសអាមេរិកឡាទីនមួយខាតបង់សេដ្ឋកិច្ចសរុបជាទឹកប្រាក់ ៣៦៣លានដុល្លារអាមេរិក ដែលភាគច្រើនគឺត្រួវបានចំណាយទៅលើប្រតិបត្តិការពន្លត់ភ្លើងព្រៃ មានដូចជាឧទ្ធម្ភាគចក្រ យន្តហោះ និងក្រុមពន្លត់អគ្គីភ័យរាប់រយនាក់។ នេះបើតាមការដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ឈីលី លោក Rodrigo Valdes ដែលស៊ិនហួរចេញផ្សាយនារសៀលថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា នៅអំឡុងពេលដែលប្រទេសឈីលីជួបប្រទះនូវវិបត្តិភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនោះ សហគមន៍អន្តរជាតិ និងប្រទេសជិតខាងក៏បានរួមគ្នាជួយផងដែរ។ ភ្លើងព្រៃបានលេបត្របាក់តំបន់ភាគខាងត្បូង និងកណ្តាលប្រទេស ដែលលំនៅឋាន និងផលដំណាំរបស់ប្រជាជនជាច្រើនបានឆេះខ្ទេចខ្ទីតែម្តង។ រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសឈីលីលោក Luis Felipe Cespedes បានលើកឡើងផងដែរថា ស្ថិតនៅក្នុងតំណាក់កាលដ៏លំបាកនេះរដ្ឋាភិបាលធានាជួយគាំទ្រដល់ ប្រជាជនដែលប្រកបរបរកសិកម្ម និងក្រុមហ៊ុនកែច្នៃផលិតផលព្រៃឈើ ព្រមទាំងជួយដល់អ្នកបាត់បង់ការងារធ្វើមួយចំនួនទៀត ដែលបង្កឡើងដោយភ្លើងឆេះព្រៃនេះ៕