(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis នៅថ្ងៃសៅរ៍នេះបានលើកឡើងថា ពុំចាំបាច់មានការចល័តកម្លាំងយោធា របស់អាមេរិកនៅក្នុងលក្ខណៈទ្រង់ទ្រាយធំទៅកាន់តំបន់សមុទ្រចិនខាងត្បូង ដើម្បីទប់ទល់នឹងសកម្មភាពដ៏គគ្លើនរបស់ប្រទេសចិននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
«ខណៈពេលនេះយើងពុំឃើញមានភាពចាំបាច់ណាមួយទាំងអស់ សម្រាប់ឲ្យមានការចល័តកងកម្លាំងយោធាភ្លាមៗ»។ នេះបើតាមការថ្លែងរបស់លោក James Mattis ក្នុងសន្និសីទព័ត៌មាននៅឯទីក្រុងតូក្យូ ហើយលោកបានគូសបញ្ជាក់ថា ការផ្តោតសំខាន់ គួរតែបង្វែទៅលើការធ្វើការទូតឯណោះវិញទើបប្រសើរជាង។ លោករដ្ឋមន្រ្តីការពារជាតិបាននិយាយដូច្នេះថា «អ្វីដែលយើងត្រូវធ្វើគឺប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងការទូតឲ្យអស់ពីលទ្ធភាព ដើម្បីដោះស្រាយបញ្ហានេះប្រកបដោយភាពត្រឹមត្រូវ ក៏ដូចជារក្សាផ្លូវទំនាក់ទំនងឲ្យនៅបើកទូលាយជានិច្ច។
លោក James Mattis នៅតែទទូចថាសកម្មភាពយោធាទ្រង់ទ្រាយធំមិនត្រូវបានយកមកធ្វើការពិចារណានោះឡើយ ដោយលើកឡើងថា «ជាការពិតណាស់ជំហរយោធារបស់យើង គួរតែជាជម្រើសបន្ទាប់ ដើម្បីពង្រឹងបន្ថែមពីលើដំណោះស្រាយការទូតរបស់យើង ពាក់ព័ន្ធនឹងបញ្ហានេះ ក៏ប៉ុន្តែបច្ចុប្បន្ននេះមិនមានភាពចាំបាច់ក្នុងការចល័តទ័ព ឬសកម្មភាពយោធាផ្សេងៗ ដើម្បីដោះស្រាយបញ្ហា ដែលសាកសមបំផុតសម្រាប់ឲ្យអ្នកការទូតដោះស្រាយនោះឡើយ»។
គួររំលឹកតាមពាក្យសម្តីនាពេលកន្លងមករបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ថាចិនគួរតែត្រូវបានហាមឃាត់មិនឲ្យមានសិទ្ធិធ្វើការចេញ-ចូលតទៅទៀតនៅឯប្រជុំកោះដែលប្រទេសមួយនេះ បានសាងសង់ឡើងនៅតំបន់ដែនសមុទ្រចិនខាងត្បូងដែលមានជម្លោះ ហើយសេតវិមានក៏បានប្តេជ្ញាផងដែរដើម្បីការពារទឹកដីអន្តរជាតិ នៅក្នុងផ្លូវសមុទ្រយុទ្ធសាស្រ្តនេះ ប៉ុន្តែតើថាសហរដ្ឋអាមេរិកនឹងសម្រេចគោលដៅនេះតាមរបៀបណានោះ ពុំទាន់មានភាពច្បាស់លាស់នោះឡើយ៕