(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis បានថ្លែងចំៗនៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ីរ៉ង់ គឺជារដ្ឋដ៏ធំជាងគេបំផុតដែលជាអ្នកឧបត្ថម្ភដល់ អំពើភេរវកម្ម បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្មថ្មីក្តៅៗទៅលើបណ្តាញទិញដូរសព្វាវុធរបស់ប្រទេសតំបន់ មជ្ឈឹមបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយសាព័ត៌មាន Sputnik ចេញផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
«តាមការសម្រេចបានរបស់អ៊ីរ៉ង់ ប្រទេសមួយនេះគឺជារដ្ឋដ៏ធំជាងគេបំផុតតែមួយគត់ ដែលជាអ្នកជួយឧបត្ថម្ភដល់អំពើភេរវកម្មនៅលើពិភពលោក» នេះតាមសម្តីរបស់លោក James Mattis ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯទីក្រុងតូក្យូ ប៉ុន្តែលោករដ្ឋមន្រ្តីការពារជាតិបានបន្ថែមថា សហរដ្ឋអាមេរិកពុំមានគំរោងបង្កើនកម្លាំងទ័ព នៅតំបន់មជ្ឈឹមបូព៌ាដើម្បីឆ្លើយតបនោះឡើយ ដោយលើកឡើងដូច្នេះថា «វាមិនមែនជារឿងត្រូវព្រងើយឡើយ ក្នុងការមិនយកចិត្តទុកដាក់លើសកម្មភាពរបស់អ៊ីរ៉ង់ ប៉ុន្តែស្របពេលជាមួយគ្នាខ្ញុំក៏ពុំឃើញមានពីភាពចាំបាច់នៃកា បង្កើនចំនួនទ័ពដែលយើងមាន នៅតំបន់មជ្ឈឹមបូព៌ាផងដែរនាពេលនេះ ទោះបីជាពួកយើងតែងតែមានសមត្ថភាពធ្វើដូច្នោះយ៉ាងណាក្តី ព្រោះថាឥឡូវនេះខ្ញុំមិនគិតថា វាចាំបាច់ខ្លាំង នោះឡើយ»។
ក្រុមមន្រ្តីរបស់សហរដ្ឋអាមេរិកបានអះអាងថា ការដាក់ទណ្ឌកម្មថ្មីទៅលើអ៊ីរ៉ង់ ដែលត្រូវបានប្រកាសនៅថ្ងៃសុក្រម្សិលមិញនេះ គឺជាការឆ្លើយតបចំពោះការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប របស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នឹងការគាំទ្ររបស់ខ្លួនសម្រាប់ក្រុមឧទ្ទាម Huthi នៅប្រទេសយ៉េមែន ដែលនាពេលថ្មីៗនេះទើបតែបានបាញ់កម្ទេចនាវាចម្បាំងមួយគ្រឿងរបស់រាជាណាចក្រ អារ៉ាប៊ី សាអ៊ូឌីត ក៏ប៉ុន្តែវាមិនទាន់មានន័យថា អាមេរិកបានបោះបង់ចោលការប្តេជ្ញា ដែលខ្លួនបានធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀង ក្នុងការដកចំណាត់ការមួយចំនួន ដែលសំដៅលើកម្មវិធីនុយក្លេអ៊ែររបសអ៊ីរ៉ង់នោះដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានព្រមានថា នឹងចាត់វិធានការប្រឆាំងតបតទៅវិញផងដែរ ចំពោះបញ្ហានៃការដាក់ទណ្ឌកម្មបន្ថែមនេះ ដោយបានលើកឡើងថា «ទណ្ឌកម្មថ្មីនេះគឺមិនស្របតាមការប្តេជ្ញាចិត្តរបស់អាមេរិកនោះឡើយ ហើយវាផ្ទុយស្រឡះជាមួយសេចក្តីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ។ ម៉្យាងវិញទៀតការអភិវឌ្ឍសមត្ថភាពមីស៊ីលនៃប្រទេសអ៊ីរ៉ង់ ដែលត្រូវបានរចនាឡើងក្នុងគោលបំណងតែមួយគត់ គឺសម្រាប់ការ ការពារខ្លួន និងផ្ទុកអាវុធធម្មតាៗ ជាសិទ្ធិអន្តរជាតិរបស់ប្រជាជាតិអ៊ីរ៉ង់ទាំងមូល ដោយផ្អែកលើច្បាប់របស់យូអិនប៉ុណ្ណោះ»៕