(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់នឹងចាត់វិធានការប្រឆាំងតបតទៅវិញ ចំពោះការដាក់ទណ្ឌកម្មដ៏ថ្មីសន្លាងរបស់សហរដ្ឋអាមេរិក ទៅលើស្ថាប័នមួយចំនួនរបស់អ៊ីរ៉ង់ និងមិនមែនជារបស់អ៊ីរ៉ង់ នៅក្រោមហេតុផលថាមានជាប់ពាក់ព័ន្ធជាមួយកម្មវិធីមីស៊ីលរបស់រដ្ឋាភិបាលទីក្រុងតេហរ៉ង់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ខាងលើបានលើកឡើងថា «ទណ្ឌកម្មថ្មីនេះគឺមិនស្របតាមការប្តេជ្ញាចិត្តរបស់អាមេរិកនោះឡើយ ហើយវាផ្ទុយស្រឡះជាមួយសេចក្តីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ម៉្យាងវិញទៀតការអភិវឌ្ឍសមត្ថភាពមីស៊ីលនៃប្រទេសអ៊ីរ៉ង់ ដែលត្រូវបានរចនាឡើងក្នុងគោលបំណងតែមួយគត់ គឺសម្រាប់ការការពារខ្លួន និងផ្ទុកអាវុធធម្មតាៗ ជាសិទ្ធិអន្តរជាតិរបស់ប្រជាជាតិអ៊ីរ៉ង់ទាំងមូល ដោយផ្អែកលើច្បាប់របស់យូអិន»។
ក្រសួងការបរទេសអ៊ីរ៉ង់បានគូសបញ្ជាក់ទៀតថា ការចូលមកជ្រៀតជ្រែករបស់បរទេសណាមួយ នៅក្នុងករណីនេះ គឺជាការរំលោភបំពានច្បាប់អន្តរជាតិ ហើយសន្តិសុខសុវត្ថិភាពរបស់អ៊ីរ៉ង់មិនអាចចរចាបានឡើយ ហើយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ នឹងធ្វើការប្រឆាំងឆ្លើយតបទៅវិញចំពោះចំណាត់ការទាំងឡាយណា ដែលសំដៅរកផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។
ក្រសួងដដែលបានសង្កត់ធ្ងន់ថា «អ៊ីរ៉ង់នឹងអនុវត្តន៍ច្បាប់ដ៏តឹងរ៉ឹងទៅលើបុគ្គល និងក្រុមហ៊ុនមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលមានជាប់ទាក់ទិនជាមួយការដឹងដំណឹងអំពី ឬមួយក៏ការផ្តល់ជំនួយដល់ក្រុមជ្រុលនិយមក៏ដូចជាក្រុមភេរវករនៅក្នុងតំបន់» ហើយឈ្មោះរបស់បុគ្គល និងក្រុមហ៊ុនទាំងអស់នោះ នឹងត្រូវប្រកាសនៅពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថានៅថ្ងៃសុក្រម្សិលមិញនេះសហរដ្ឋអាមេរិក បានប្រកាសអំពីការដាក់ទណ្ឌកម្មបន្ថែមថ្មី ទៅលើបុគ្គលនិងស្ថាប័នជាច្រើនដែលមានជាប់ពាក់ព័ន្ធជាមួយកម្មវិធីមីស៊ីលផ្លោងរបស់ទីក្រុងតេហេរ៉ង់ និងការផ្តល់ជំនួយដល់កងកម្លាំងយោធានៅអ៊ីរ៉ង់។ ដោយការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ដែលបានបង្កការព្រួយបារម្ភយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
ជុំវិញបញ្ហានេះ ក្រសួងរតនាគារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការរឹតបន្តឹងទណ្ឌកម្មទៅលើអ៊ីរ៉ង់ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ និងសកម្មភាពបង្កអស្ថិរភាពនានានៅក្នុងតំបន់ ហើយទណ្ឌកម្មថ្មីនេះគឺស្របតាមទាំងស្រុងទៅនឹង ការប្តេជ្ញារបស់អាមេរិកក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់៕