(វ៉ាស៊ីនតោន)៖ លោក Vincent Viola ដែលជាមហាសេដ្ឋីមួយរូបនៅសហរដ្ឋអាមេរិក (Wall Street trader) ត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រេចតែងតាំងជាមន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការពារជាតិអាមេរិក (Secretary of the Army) ដែលកំពុងរង់ចាំការអនុម័តពីព្រឹទ្ធសភាមួយតំណាក់កាលទៀតតែប៉ុណ្ណោះ ប៉ុន្តែលោក Viola សម្រេចដកខ្លួនថយ ដោយបដិសេធសំណើរបស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The New York Times នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Viola ត្រូវបានគេស្គាល់ថាជាម្ចាស់ក្លឹបកម្សាន្តកីឡា Hockey Florida Panthers ដែលប្រការនេះវាទំនងជានឹងក្លាយជារឿងលំបាករបស់លោក ដែលត្រូវបោះបង់ភាពជាអ្នកធ្វើជំនួញ ទៅជាអ្នកកាន់ការធំនៅក្នុងក្រសួងការពារជាតិ ដែលជាក្រសួងដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិកនោះ។ បន្ថែមពីនេះលោក Viola ក៏មានភាគហ៊ុនច្រើននៅក្នុងក្រុមអាកាសចរណ៍ Easter Air Lines ផងដែរ។
គួរបញ្ជាក់ថាទោះបីជាលោក Viola កំពុងកាន់មុខជំនួញដ៏ច្រើនក្តី ប៉ុន្តែលោកក៏មានប្រវត្តិសិក្សាជាច្រើនពាក់ព័ន្ធនឹងវិស័យយោធាផងដែរ ដូចជាបានបញ្ចប់ការសិក្សានៅសាលាយោធា West Point កាលពីឆ្នាំ១៩៧៧ និងចុងក្រោយលោកធ្លាប់ធ្វើជាប្រធាននៃស្ថាប័នទំនុកបំរុងកងទ័ព Army Reserves។ លោកត្រូវការការអនុម័តពីសភាទើបអាចឡើងជារដ្ឋលេខាធិការយោធា (Secretary of Army)។
តំណែងខាងលើនេះ គឺជាថ្នាក់មន្ត្រីស៊ីវិលជាន់ខ្ពស់មួយរូបក្នុងក្រសួងការពារជាតិ ដែលមានការទទួលខុសត្រូវលើបញ្ហាទាំងអស់ពាក់ព័ន្ធនឹងកងទ័ពអាមេរិក, កម្លាំងយោធា, កិច្ចការទំនុកបម្រុង, ការដំឡើង, បញ្ហាបរិស្ថាន, ប្រព័ន្ធអាវុធ និងការទិញយកឧបករណ៍ទាក់ទងផ្សេងៗ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ៕