(ហ្សាការតា)៖ ទូកមួយគ្រឿងដឹកអ្នកដំណើរចំនួន១៩នាក់ បានលិចនៅក្បែរខេត្ត South Sulawesi នៃតំបន់ភាគកើតប្រទេសឥណ្ឌូណេស៊ី និងបានបណ្តាលឲ្យមនុស្សចំនួន ០៧នាក់បាត់បង់ជីវិត។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រធានទីភ្នាក់គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តលោក H. Alamsyah បានឲ្យដឹងថា ទូកខាងលើបានលិចនៅច្រកសមុទ្រ Makassar ក្នុងសង្កាត់ Takalar ហើយលោកបានបន្ថែមថា «ប្រតិបត្តិការរុករកមនុស្សដែលបាត់ខ្លួនកំពុងតែប្រព្រឹត្តទៅហើយ ដោយមានការចូលរួមជួយពីសំណាក់កងនាវាជើងទឹក ព្រមទាំងបុគ្គលិករបស់ការិយាល័យស្វែងរក និងជួយសង្រ្គោះរបស់ឥណ្ឌូណេស៊ី»។ ព័ត៌មានបន្ថែមនឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕