(ព្យុងយ៉ាង)៖ កូរ៉េខាងជើងអាចប្រឈមនឹងបញ្ហាលំបាកជាច្រើនដែលពុំធ្លាប់ជួបពីមុនមក នៅក្នុងការធ្វើពាណិជ្ជកម្មនាឆ្នាំ២០១៧នេះជាចម្បង ដោយសារតែការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងរបស់អង្គការសហប្រជាជាតិ មកលើប្រទេសកុម្មុយនិស្តដ៏ឯកោមួយនេះ។ នេះបើតាមសម្តីរបស់អ្នកវិភាគមួយរូប ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Lim Soo-ho អ្នកសិក្សាស្រាវជ្រាវមួយរូបនៅឯវិទ្យាស្ថានកូរ៉េសម្រាប់គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំខែ ដែលត្រូវបានចេញផ្សាយដោយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ របស់រដ្ឋាភិបាលទីក្រុងសេអ៊ូលថា «កូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយខាតបង់រូបិយប័ណ្ណបរទេសប្រមាណ ៧០០លានដុល្លារនៅក្នុងឆ្នាំនេះ បើធៀបជាមួយឆ្នាំ២០១៥ នៅក្នុងករណីដែលកូតានាំចេញត្រូវបានពង្រឹងឲ្យគោរពតាម»។
គួររំលឹកថាកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានរឹតបន្តឹងទណ្ឌកម្មដើម្បីដាក់ពិន័យទៅលើកូរ៉េខាងជើង ដោយសារការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទីប្រាំ របស់របបដឹកនាំទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញ ឆ្នាំដដែល។ សេចក្តីសម្រេចនៃការដាក់ទណ្ឌកម្មនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់ផ្តាច់កូរ៉េខាងជើងពីរូបិយប័ណ្ណរឹង ដោយការដាក់កំហិតទៅលើវិស័យនាំចេញធ្យូងថ្ម របស់ទីក្រុងព្យុងយ៉ាង ហើយការដំណោះស្រាយនេះបានហាមឃាត់មិនឲ្យសមាជិកអង្គការសហប្រជាជាតិ ធ្វើការទិញចូលនូវធ្យូងថ្មរបស់កូរ៉េខាងជើងនោះឡើយ៕