(ម៉ិចស៊ីកូ)៖ ប្រទេសម៉ិចស៊ីកូបានប្រកាសចេញជាលើកដំបូងនូវវត្តមាន «ទារិកាកើតមកមានក្បាលតូច» ជាប់ពាក់ព័ន្ធនឹងវីរុស Zika ដែលមានការវាយលុកខ្លាំងជាងគេនៅប្រទេសប្រេស៊ីល។ នេះបើតាមសារព័ត៌មាន Channel News Asia ដកស្រង់ពីបណ្តាញ Reuters នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ទារិកាខាងលើនេះកើតនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយក៏បានស្លាប់ទៅវិញនៅថ្ងៃដែលកើតនោះតែម្តង។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលម៉ិចស៊ីកូ។ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ខែមករា ឆ្នាំ២០១៧នេះ ប្រទេសម៉ិចស៊ីកូបានកើតមានករណីឆ្លងវីរុស Zika ចំនួន ៧.៦៣៤ករណីក្នុងនោះមានតែមួយករណីខាងលើនេះប៉ុណ្ណោះ ដែលធ្ងន់ធ្ងរជាងគេគឺទារិកាកើតមកមានក្បាលតូច។
គួរបញ្ជាក់ថា Zika ជាវីរុសមួយដែលមិនងាយបង្កឲ្យមនុស្សស្លាប់នោះឡើយ ប៉ុន្តែបើវាកើតឡើងទៅលើស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺនេះតាមរយៈមូសខាំនោះ នៅពេលទារកកើតមកនឹងមានក្បាលតូច ហើយខ្សោយបញ្ញាស្មារតីជាទីបំផុត៕