(វ៉ាស៊ីនតោន)៖ ទិដ្ឋាការជាង៦០,០០០ច្បាប់ត្រូវបានលុបចោល នៅក្រោមបទបញ្ជារារាំងការធ្វើអន្តោប្រវេសន៍ ជាបណ្តោះអាសន្នមកកាន់ទឹកដីសហរដ្ឋអាមេរិកពីប្រទេសមូស្លីមចំនួន០៧ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមលោក William Cocks អ្នកនាំពាក្យការិយាល័យកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេស ការលុបចោលនេះមានន័យថា រដ្ឋាភិបាលអាមេរិកបានចាត់ទុកជាមោឃៈនូវទិដ្ឋាការធ្វើដំណើររបស់ជនទាំងឡាយណា ដែលព្យាយាមចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ក៏ប៉ុន្តែទិដ្ឋាការទាំងនោះអាចនឹងត្រូវធ្វើឲ្យមានសុពលភាពឡើងវិញ នាពេលក្រោយបាន ដោយពុំចាំបាច់បំពេញឯកសារសាជាថ្មីម្តងទៀតនោះឡើយ។
គួរបញ្ជាក់ថាបទបញ្ជាពាក់ព័ន្ធនឹងការធ្វើអន្តោប្រវេសន៍ដែលត្រូវបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ កាលពីមួយសប្តាហ៍មុននោះ បានផ្អាកកម្មវិធីទទួលជនភៀសខ្លួនអាមេរិកជាបណ្តោអាសន្ន ក៏ដូចជាបានដាក់បំរាមរយៈពេលបីខែ មិនឲ្យអ្នកដែលធ្វើដំណើរមកពីប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ លីបី សូម៉ាលី ស៊ូដង់ ស៊ីរី និងយ៉េមែន ឈានជើងចូលទឹកដីអាមេរិក។ លោក ត្រាំ បានអះអាងថា វិធានការដ៏ចម្រូងចម្រាស់នេះនឹងជួយការពារពលរដ្ឋអាមេរិក ពីការវាយប្រហារដោយអំពើភេរវកម្ម។
ពីដំបូងឡើងមេធាវីមួយរូបនៃក្រសួងយុត្តិធម៌អាមេរិកបានអះអាងប្រាប់អ្នកសារព័ត៌មានថា ទិដ្ឋាការរហូតដល់ ១០០,០០០ច្បាប់ឯណោះត្រូវបានទុកជាមោឃៈ ប៉ុន្តែក្រោយមកក្រសួងការបរទេសអាមេរិកបានចេញមុខបដិសេធនូវការលើកឡើងនេះ ដោយអះអាងជំនួសមកវិញថា ទិដ្ឋាការតែ ៦០,០០០ច្បាប់ប៉ុណ្ណោះ ដែលត្រូវបានបិទ៕