(ប៉ារីស)៖ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកដំបូងរវាងរដ្ឋមន្ត្រីការបរទសបារាំងលោក Jea Marc Ayrault និងរដ្ឋមន្ត្រីការបរទេសអាមេរិកទើបឡើងកាន់តំណែងក្តៅៗលោក Rex Tillerson ប្រទេសទាំងពីរបានបញ្ជាក់ឡើងវិញពីការចងសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនានា នៅទូទាំងពិភពលោក ជាពិសេសេគឺការកម្ចាត់ក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍ពីក្រសួងការបរទេសបារាំង បានឲ្យដឹងយ៉ាងដូច្នេះថា «នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខការទូតទាំងពីររូប ប្រទេសទាំងពីរបានលើក ឡើងពីសារៈសំខាន់នៃទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងបារាំង និងសហរដ្ឋអាមេរិកដែលបានបង្កើតឡើង ដោយយោងទៅលើកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួតជាពិសេសគឺការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដើម្បីសន្តិសុខ»។ ប្រទេសទាំងពីរបានប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS ដែលកំពុងលុកលុយប្រទេសអ៊ីរ៉ាក់ និងស៊ីរី។
គួរបញ្ជាក់ថាលោក Ayrault ក៏បានអញ្ជើញលោក Tillerson ឲ្យមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីសក្នុងពេលឆាប់ៗខាងមុខនេះដែរ។ បន្ថែមពីខាងលើនេះទៀត ប្រមុខការទូតទាំងពីរបានសន្យារួមគ្នាដោះស្រាយបញ្ហានៅមជ្ឈិមបូព៌ា និងតំបន់ភាគខាងកើតអ៊ុយក្រែនជាដើម៕