(សេអ៊ូល)៖ រដ្ឋមន្រ្តីការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានព្រមព្រៀងមូលមតិគ្នានៅថ្ងៃសុក្រនេះ ក្នុងការធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយធំជាងមុនមិនធ្លាប់មាននៅក្នុងនិទាឃរដូវខាងមុខនេះ ដើម្បីបង្ការសកម្មភាពបង្ករឿងនានា ដែលនឹងអាចត្រូវធ្វើឡើងពីសំណាក់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
បន្ទាប់ពីលោក James Mattis រដ្ឋមន្រ្តីការពារជាតិអាមេរិក និងលោក Han Min-Koo រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងបានបញ្ចប់កិច្ចពិភាក្សាលើកដំបូងបំផុតរវាងលោកទាំងពីរនៅឯរដ្ឋធានីសេអ៊ូល មន្រ្តីជាន់ខ្ពស់មួយរូប នៃក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោករដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំងពីរ បានមូលមតិចំពោះការចាំបាច់ជាខ្លាំងនៅឆ្នាំ២០១៧នេះ ក្នុងការធ្វើសមយុទ្ធយោធា «Key Resolve» និង «Foal Eagle» ដែលមានទ្រង់ទ្រាយធំនិងសក្តានុពលជាងលើកមុនៗ ដើម្បីទប់ស្កាត់សកម្មភាពញុះញង់ណាមួយរបស់ទីក្រុងព្យុងយ៉ាង។
សមយុទ្ធ «Key Resolve» ដែលជាការហ្វឹកហ្វាត់នៅក្នុងទីបញ្ជាការ និងសមយុទ្ធ «Foal Eagle» ដែលជាការហ្វឹកហ្វាត់នៅលើទីលានហ្វឹកហ្វឺនជាទូទៅតែងតែប្រព្រឹត្តទៅនៅចន្លោះខែមិនា និងខែមេសាជារៀងរាល់ឆ្នាំ ហើយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានថ្កោលទោសក៏ដូចជាចាត់ទុកសមយុទ្ធទាំងពីរប្រភេទនេះថា គឺជាហាត់សម ដើម្បីត្រៀមខ្លួនធ្វើការឈ្លានពានទៅលើប្រទេសរបស់ខ្លួន។ ម៉្យាងវិញទៀតមានសេចក្តីរាយការណ៍ថាសហរដ្ឋអាមេរិកអាចនឹងបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿង ព្រមទាំងយន្តហោះចម្បាំងដែលមានសមត្ថភាពទម្លាក់គ្រាប់បែកជាដើម។
គួរបញ្ជាក់បន្ទាប់ពីបានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកូរ៉េខាងត្បូង លោករដ្ឋមន្រ្តីការពារជាតិអាមេរិក James Mattis បានចាកចេញពីប្រទេសនេះ ហើយធ្វើដំណើរទៅដល់ទឹកដីនៃប្រទេសជប៉ុនហើយ ដើម្បីបន្តដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃបន្ថែមទៀតនៅទីនោះ៕