(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិរបស់ប្រធានាធិបតីអាមេរិកគឺលោក James Mattis នៅថ្ងៃសុក្រនេះបានធានាអះអាងសាជាថ្មីអំពីកាប្តេជ្ញាយ៉ាងមុតមាំរបស់ សហរដ្ឋអាមេរិក ចំពោះសន្ធិសញ្ញាការពារជាតិទ្វេភាគីជាមួយនឹងប្រទេសជប៉ុន នៅអំឡុងជំនួបពិភាក្សារវាងរូបលោក និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក្នុងទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងជំនួបពិភាក្សាខាងលើលោក James Mattis បានថ្លែងថា «ខ្ញុំចង់ធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់ថា មាត្រាទី៥នៃសន្ធិសញ្ញាការពារជាតិទ្វេភាគីរវាងប្រទេសយើងទាំងពីរ ត្រូវបានយល់យ៉ាងជាក់លាក់ និងឥតងាករេនោះឡើយ សម្រាប់ពួកយើងនៅថ្ងៃនេះ ដែលដូចនឹងឆ្នាំទៅ និងប្រាំឆ្នាំមុនអ៊ីចឹង ហើយវានឹងនៅបន្តយ៉ាងដូច្នេះមិនថា មួយឆ្នាំឬក៏១០ឆ្នាំទៅមុខទៀតនោះឡើយ»។ គឺតម្រូវឲ្យអាមេរិកមានកាតព្វកិច្ចធ្វើយ៉ាងណាការពាររាល់ទឹកដី ដែលស្ថិតក្រោមការគ្រប់គ្រងកាន់កាប់របស់ភាគីជប៉ុន។
ក្នុងឱកាសនោះដែរលោក ស៊ីនហ្សូ អាបេ បានបង្ហាញជំនឿជឿជាក់ថា ជាមួយលោក ដូណាល់ ត្រាំ និងលោក James Mattis សហរដ្ឋអាមេរិក និងប្រទេសជប៉ុន អាចបង្ហាញពីសម្ព័ន្ធភាពដ៏ស្អិតរមួត និងឥតងាករេរបស់ពួកគេឲ្យពិភពលោកឃើញបាន។
គួរបញ្ជាក់ថា ជប៉ុនពិតជាចង់ទទួលបានការអះអាងបញ្ជាក់យ៉ាងខ្លាំងថា រដ្ឋាភិបាលលោក ដូណាល់ ត្រាំ នឹងបន្តគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ដែលប្តេជ្ញាការពារប្រជុំកោះនៅតំបន់សមុទ្រចិនខាងកើត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងតូក្យូ ប៉ុន្តែកំពុងមានជម្លោះ ដោយសារតែមានការ ទាមទារពីសំណាក់ប្រទេសចិន ត្បិតលោក ត្រាំ ធ្លាប់បាននិយាយថា កូរ៉េខាងត្បូងនិងជប៉ុន ទទួលបានផលចំណេញពីខែលការពារសន្តិសុខរបស់អាមេរិក ដោយមិនបានធ្វើការចំណាយថវិកាសមរម្យគ្រប់គ្រាន់នោះឡើយ៕