(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានសម្រេចដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន១៣រូប និងស្ថាប័នចំនួន១២ផ្សេងទៀតរបស់អ៊ីរ៉ង់ ដែលជាការដាក់ពិន័យបន្ថែមទៅលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បន្ទាប់ពីសេតវិមានបានចាត់ទុកប្រទេសតំបន់មជ្ឈឹមបូព៌ាមួយនេះ ទៅនៅក្នុងបញ្ជីឃ្លាំងមើលដោយការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប និងសកម្មភាពមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងរតនាគារជាតិអាមេរិក បុគ្គលនិងស្ថាប័នរបស់អ៊ីរ៉ង់ដែលបានទទួលការដាក់ទណ្ឌកម្មមួយចំនួនមានមូលដ្ឋាននៅក្នុង លីបង់ អេមីរ៉ាត់ អារ៉ាប់រួម និងចិន។ ការដាក់ទណ្ឌកម្មបន្ថែមថ្មីនេះ គឺស្ថិតក្នុងផ្នែកនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ចេតនាអាក្រក់របស់អ៊ីរ៉ង់នៅឯក្រៅប្រទេស ដែលហួសផុតពីដែនកំណត់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ និងបណ្តាប្រទេសមហាអំណាចពិភពលោក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅថ្មីៗនេះដែលត្រូវនឹងថ្ងៃអាទិត្យសប្តាហ៍មុន រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានធ្វើការបាញ់សាកល្បង មីស៊ីលផ្លោងឆ្លងទ្វីបចំនួនមួយគ្រាប់ និងមីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយគ្រាប់ផ្សេងទៀត ដោយជោគជ័យ ហើយអាមេរិកបានចាត់ទុកទង្វើនេះថា ជាការបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ទោះបីជារដ្ឋមន្រ្តីក្រសួងការពារជាតិ អ៊ីរ៉ង់បានចេញមុខអះអាងថា ទង្វើទាំងនេះពុំបានរំលោភបំពានលើកិច្ចព្រមព្រៀងណាមួយយ៉ាងណាក្តី៕