(សេអ៊ូល)៖ បន្ទាប់ពីចិនឥឡូវដល់វេនរុស្ស៊ីវិញម្ដង ដែលចេញមុខព្រមាន ក៏ដូចជាសម្ដែងការជំទាស់ទៅនឹងប្រព័ន្ធខែលការពារមីស៊ីល THAAD ដោយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃនេះថា ទីក្រុងមូស្គូអាចនឹងចាត់វិធានការទប់ទល់ ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន នៅក្នុងករណីដែលប្រព័ន្ធមីស៊ីលនេះ ត្រូវបានសហរដ្ឋអាមេរិកដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូងមែននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅល្ងាចថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមអគ្គរដ្ឋទូតរុស្ស៊ី លោក អាឡិចសាន់ឌឺ ទីម៉ូនីន (Alexander Timonin) ការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅក្នុងតំបន់ឧបទ្វីបកូរ៉េ នឹងបង្កផលប៉ះពាល់ ដ៏គ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ហើយវាគឺជាការគម្រាមកំហែងមួយដល់សន្តិសុខជាតិរុស្ស៊ី បើទោះបីជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ធ្លាប់បានអះអាងជាច្រើនដងរួចមកហើយថា THAAD មានគោលដៅតែមួយគត់លើកូរ៉េខាងជើងក៏ដោយ។
លោក អាឡិចសាន់ឌឺ បានបញ្ជាក់ដូច្នេះថា «យើងនឹងមិនមានជំរើសអ្វីផ្សេងទៀតនោះទេ ក្រៅតែពីការចាត់វិធានការទប់ទល់ ដើម្បីការពារសន្តិសុខជាតិ នៅក្នុងករណីប្រព័ន្ធមីស៊ីល THAAD ត្រូវបានដាក់ពង្រាយ តែខ្ញុំក៏ចង់បញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរុស្ស៊ី-កូរ៉េខាងត្បូង មានសារៈសំខាន់ដូចគ្នានឹងបញ្ហាប្រព័ន្ធមីស៊ីល THAAD ដែរ។ ក៏ប៉ុន្តែទោះបីជាវាសំខាន់យ៉ាងណា ក៏ប្រហែលជាមិនស្មើនឹងទំនាក់ទំនងទ្វេភាគីនេះដែរ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក អាឡិចសាន់ឌឺ ទីម៉ូនីន ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯស្ថានទូតរុស្ស៊ីប្រចាំទីក្រុងសេអ៊ូល តែប៉ុន្មានម៉ោង ប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី លោក ជែម ម៉ាតធីស (Jame Mattis ) បានអះអាងថាប្រព័ន្ធខែលការពារមីស៊ីល THAAD នឹងត្រូវដាក់ពង្រាយនៅលើទឹកដីកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៧នេះតែម្តង ដើម្បីការពារទីក្រុងសេអ៊ូលពីការគំរាមកំហែងរបស់កូរ៉េខាងជើង៕