(ម៉ូស្គូ)៖ អគ្គរដ្ឋទូតតួកគីប្រចំាប្រទេសរុស្ស៊ី លោក ហ៊ូសេយីន ឌីរីយ៉ូស (Huseyin Dirioz) បានឱ្យដឹងថា ប្រធានាធិបតីតួកគី លោក រីស៊ីប តយយ៉ីប អឺដូហ្គាន់ គ្រោងនឹងបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងជំនួបកំពូលមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន នៅពាក់កណ្ដាលខែមីនាខាងមុខនេះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax ដកស្រង់សម្ដីដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមលោក ហ៊ូសេយ៉ីន ឌីរីយ៉ូស មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាដោយផ្ដោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ព្រមទំាងប្ដេជ្ញាចិត្តធ្វើការងាររួមគ្នាផងដែរ សំដៅស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងដំណោះស្រាយសន្តិភាពសម្រាប់ប្រទេសស៊ីរី។
គួរបញ្ជាក់ថាទំនាក់ទំនងរវាងតួកគី និងរុស្ស៊ីបានល្អប្រសើរឡើងវិញ កាលពី២០១៦កន្លងទៅ ក្រោយពេលលោក អឺដូហ្គាន់ បានបង្ហាញការសោកស្ដាយ និងសូមទោសចំពោះការបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៊ី ដោយយោធាតួកគីកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅឯតំបន់ក្បែរព្រំដែនជាប់ប្រទេសស៊ីរី៕