ក្រុមហ៊ុន Airbus នៅចិន គ្រោងដំឡើងយន្តហោះ A320neo ប្រភេទសន្សំសំចៃខ្ពស់ ឲ្យបាន០៤គ្រឿងក្នុងមួយខែ!
03-02-2017 16:22
(ប៉េកាំង)៖ ក្រុមហ៊ុនតំឡើងយន្តហោះ Airbus (Tainjin) Final Assembly Co., Ltd មានមូលដ្ឋាននៅទីក្រុង Tianjin ប្រទេសចិន នឹងចាប់ផ្តើមធ្វើការដំឡើងយន្តហោះដឹកអ្នកដំណើរធុន Airbus A320neo ដំបូងបំផុតរបស់ខ្លួននៅខែកក្កដា ហើយបញ្ចេញជាផ្លូវការនៅខែកញ្ញាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រុមហ៊ុនដំឡើងយន្តហោះដឹកអ្នកដំណើរធុន A320 ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុន Airbus របស់ប្រទេសបារាំង ក្រុមហ៊ុនសាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន និងតំបន់ពាណិជ្ជកម្មសេរី Tianjin ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Tainjin ប្រទេសចិនកាលពីឆ្នាំ២០០៧។ ក្រុមហ៊ុននេះបានចាប់ផ្តើមប្រតិបត្តិការតាំងពីខែកញ្ញា ឆ្នាំ២០០៨ និងបានតំឡើងយន្តហោះ Airbus ធុន A320 មិនតិចជាង៣០០គ្រឿងនោះឡើយ ហើយចាប់ពីឆ្នាំ២០១៧នេះតទៅ ក្រុមហ៊ុនគ្រោងនឹងធ្វើការតំឡើងយន្តហោះធុន A320neo ចំនួនបួនគ្រឿងជារៀងរាល់ខែ។
គួរបញ្ជាក់ថាយន្តហោះដឹកអ្នកដំណើរប្រភេទ A320neo គឺជាសមាជិកដ៏ថ្មីសន្លាងបំផុតនៃត្រកូល Airbus A320 ហើយបើប្រៀបធៀបគ្នាជាមួយប្រភេទ A320 ដ៏ទៃទៀត យន្តហោះធុន A320neo នេះអាចសន្សំសំចៃប្រេងឥន្ធនៈបានពី១៥ ទៅ២០ភាគរយ៕