(ហាណូយ)៖ នាឆ្នាំ២០១៧នេះប្រទេសវៀតណាមទំនងជានឹងកាក់កបខ្លាំង ដោយរំពឹងថានឹងរកចំណូលបានរហូតដល់ចំនួនបីពាន់លានដុល្លារពីការនាំចេញបន្លែក៏ដូចជាផ្លែឈើទៅក្រៅប្រទេស ដោយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បន្លែផ្លែឈើរបស់វៀតណាមរកបានទីផ្សារថ្មីមួយចំនួនបន្ថែមទៀតមានដូចជាសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងឈីលីជាដើម។ នេះបើតាមសេចក្តីរាយការណ៍របស់ សមាគមបន្លែផ្លែឈើវៀតណាម ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ទោះបីជាបែបនេះក្តីថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ ដែលនឹងរកបានពីវិស័យនេះភាគច្រើននឹងយកទៅចំណាយលើការទិញចូលផលិតផលបន្លែនិងផ្លែឈើពីបរទេសរួមមានថៃ និងចិនជាដើមវិញ ព្រោះថាប្រជាជនវៀតណាមផ្ទាល់ភាគច្រើនបានបាត់បង់ទំនុកចិត្តលើផលិតផលក្នុងស្រុកខ្លួនឯង ដោយសារការប្រើប្រាស់សារធាតុគីមីខ្លាំងក្លាលើសលប់ពេក ទៅលើបន្លែផ្លែឈើទាំងអស់នោះ។
គួរបញ្ជាក់ថាប្រទេសវៀតណាម ដែលកំពុងតែមានភាពល្បីល្បាញខាងនាំចេញបន្លែក៏ដូចជាផ្លែឈើច្រើនប្រភេទទៅកាន់ទីផ្សារអន្តរជាតិនោះ បាននាំចូលបន្លែផ្លែឈើពីប្រទេសតំបន់អាស៊ីចំនួន ១២ធំៗ ក្នុងនោះប្រទេសថៃ ឈរលេខរៀងទី១ មានទំហំទឹកប្រាក់ស្មើនឹង ២១៨.៨លានដុល្លារ និង ចិនឈរលេខរៀងទី២ មានទំហំទឹកប្រាក់ស្មើនឹង ១២៥.២លានដុល្លារ៕