(អ៊ីស្ដង់ប៊ូល)៖ យោធាតួកគីនៅថ្ងៃសុក្រនេះបានអះអាងថា យន្ដហោះចម្បាំងរបស់ខ្លួន និងក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានបើកវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធប់ ទៅលើមូលដ្ឋានជាច្រើនរបស់ក្រុម ISIS នៅក្នុងទីក្រុងអាល់បាប់ (al-Bab) ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធពីសំណាក់ក្រុមឧទ្ទាមស៊ីរី គាំទ្រដោយរដ្ឋាភិបាលទីក្រុងអង់ការ៉ា។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនយោធាតួកគីបានឱ្យដឹងដែរថា ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន៤៧នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើក នារយៈពេល២៤ម៉ោងចុងក្រោយនេះ ខណៈមូលដ្ឋានយោធា ទីជំរកលាក់ខ្លួន និងឃ្លាំងស្ដុកអាវុធ របស់ក្រុមភេរវករមួយនេះ ក៏ត្រូវបានបំផ្លាញផងដែរ។ គួរបញ្ជាក់ថាពាក់ព័ន្ធនឹងទីក្រុងអាល់បាប់នេះដែរ ទីក្រុងអង់ការ៉ាធ្លាប់លើកឡើងថា បើសិនជាទីក្រុងមួយនេះរបូតចេញពីដៃពួក ISIS តួកគីគ្មានគំរោងប្រគល់ឱ្យទៅ កងកម្លាំងរដ្ឋាភិបាលស៊ីរីវិញនោះឡើយ៕